ឯកឧត្ដម នេត្រ ភក្រ្ដា លើកឡើងពីសារៈសំខាន់លើចំណេះដឹងបច្ចេកទេស និងជំនាញថតរូប ដល់មន្រ្ដីក្របខ័ណ្ឌក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពសារជារូបភាព ឆ្លើយតបទៅនឹងការវិវត្ដបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងលើសារៈសំខាន់នៃការពង្រឹងចំណេះដឹង បច្ចេកទេស និងជំនាញរបស់មន្ត្រីថតរូបក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពសារជារូបភាព ឆ្លើយតបទៅនឹងការវិវត្ដនៃបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសារព័ត៌មាន។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញថតរូប» ជូនមន្ត្រីផ្នែករូបថត នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) វិទ្យុជាតិកម្ពុជា (RNK) និងមន្ត្រីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅក្រសួងព័ត៌មានឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកថតរូបគឺជាអ្នកនាំសារដ៏សំខាន់មួយ តាមរយៈសារជារូបភាព ព្រោះរូបថតមិនត្រឹមតែបង្ហាញពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «នៅពេលមានព្រឹត្តិការណ៍ ឬហេតុការណ៍ណាមួយកើតឡើង អ្នកថតរូបត្រូវចេះជ្រើសរើសទីតាំង មុំថត និងរៀបចំប្លង់ឱ្យបានល្អ ដើម្បីឱ្យរូបភាពអាចបង្ហាញអត្ថន័យបានច្បាស់ និងឆ្លើយតបទៅនឹងប្រធានបទដែលត្រូវផ្សព្វផ្សាយ»។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា ទោះបីមានឧបករណ៍ទំនើបក៏ដោយ ប្រសិនបើអ្នកថតរូបមិនមានការអភិវឌ្ឍជំនាញ និងគំនិតច្នៃប្រឌិត នោះប្លង់រូបភាពអាចនៅតែមានលក្ខណៈដដែល និងខ្វះសោភ័ណភាព ដែលធ្វើឱ្យរូបភាពមិនមានភាពទាក់ទាញ។
ជាមួយគ្នានេះដែរ ឯកឧត្ដម នេត្រ ភក្រ្ដា ក៏បានថ្លែងអំណរគុណចំពោះលោក ម៉ក់ រ៉េមីស្សា ដែលបានសហការជាមួយក្រសួងព័ត៌មាន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីថតរូបរបស់ក្រសួង។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដមរដ្ឋមន្រ្ដីរំពឹងថា មន្ត្រីថតរូប នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអនុវត្តន៍ក្នុងការងារជាក់ស្តែង សំដៅលើកកម្ពស់គុណភាពរូបភាពព័ត៌មាន ឱ្យកាន់តែមានអត្ថន័យ មានសោភ័ណភាព និងមានប្រសិទ្ធភាពក្នុងការបញ្ជូនសារទៅកាន់សាធារណជន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្ហាត់បង្រៀនដោយលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីពដ៏មានបទពិសោធន៍របស់កម្ពុជា ដែលបានចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការថតរូបសារព័ត៌មាន និងរូបថតសិល្បៈ ជាពិសេសការរៀបចំប្លង់ សមាសភាពរូបភាព និងការប្រើប្រាស់រូបភាពជាសារសម្រាប់ការផ្សព្វផ្សាយព័ត៌មាន។
ក្នុងបទបង្ហាញទាក់ទងនឹងការថតរូប លោក ម៉ក់ រ៉េមីស្សា បានឱ្យដឹងថា រូបថតមានតួនាទីសំខាន់ក្នុងការបញ្ជូនសារទៅកាន់សាធារណជន ហើយអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្សេងៗក្នុងសង្គម។ លោកបានបង្ហាញពីទម្រង់សំខាន់ៗនៃរូបថត រួមមាន រូបថតឯកសារ រូបថតសារព័ត៌មាន និងរូបថតសិល្បៈ ព្រមទាំងបានពន្យល់ពីសារៈសំខាន់នៃសារជារូបភាព រួមមានរូបថត និងវីដេអូ ក្នុងការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្ន៕
ដោយ៖ រិទ្ធី រូបថត៖ សិរី ឧត្ដម





