កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាត់បន្ថយសមយុទ្ធយោធារួមគ្នាបន្ទាប់ពីបទបញ្ជារបស់លោក ត្រាំ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងកាត់បន្ថយសមយុទ្ធប្រចាំឆ្នាំរួមគ្នារបស់ពួកគេតាមការស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការលើកឡើងរបស់សម្ព័ន្ធមិត្តកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាឱ្យកាត់បន្ថយសមយុទ្ធដែលប្រទេសកូរ៉េខាងជើងអាចចាត់ទុកថាជា «អរិភាព»។
យោងតាមនាយសេនាធិការចម្រុះ (JCS) របស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា សម្ព័ន្ធមិត្តនឹងបញ្ចប់សមយុទ្ធ Ulchi Freedom Shield (UFS) នៅថ្ងៃសុក្រ ដោយកាត់បន្ថយរយៈពេល ១១ថ្ងៃស្ទើរតែពាក់កណ្តាល។ សមយុទ្ធUFS ត្រូវបានគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៧-២៧ ខែសីហា។
សមយុទ្ធហ្វឹកហ្វឺននៅទីវាលដែលជាផ្នែកស្នូលនៃសមយុទ្ធក៏នឹងត្រូវកាត់បន្ថយក្នុងកម្រិតខ្លះផងដែរ ដោយមានការពិភាក្សារវាងយោធាទាំងពីរដើម្បីសម្រេចលើផែនការលម្អិត។ នេះបើយោងតាមការលើកឡើងរបស់JCS។
មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានកាត់បន្ថយសមយុទ្ធនេះ«យ៉ាងច្រើន» ដោយព្រឹត្តិការណ៍ហ្វឹកហ្វឺនផ្ទាល់ដែលពាក់ព័ន្ធត្រូវបានកាត់បន្ថយ និងព្រឹត្តិការណ៍មួយចំនួនត្រូវបានលុបចោល ឬប្តូរទៅជាការក្លែងធ្វើ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងបាននិយាយថា ការកាត់បន្ថយទំហំមិនមានន័យថា ធ្វើឱ្យសមត្ថភាពយោធារបស់សម្ព័ន្ធមិត្តចុះខ្សោយនោះទេ។
មន្ត្រីម្នាក់នៃមន្ទីរបញ្ចកោណបាននិយាយថា «ការកែសម្រួលទាំងនេះរក្សាបាននូវគោលបំណងត្រៀមខ្លួនជាចាំបាច់ និងគោលបំណងបណ្តុះបណ្តាល។ នឹងមិនមានការថយចុះនូវគោលបំណងបណ្តុះបណ្តាលរបស់សហរដ្ឋអាមេរិកឡើយ»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





