អាជ្ញាធរស្រុកព្រះនេត្រព្រះបង្កើនការផ្សព្វផ្សាយការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ដើម្បីពង្រឹងសមត្ថភាពម្ចាស់ការ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ អាជ្ញាធរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្រែក្លាយការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយឱ្យទៅជាចលនារួមគ្នាយ៉ាងសកម្មនៅក្នុងសហគមន៍។
ជាក់ស្តែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ធិញ ថុង ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ រួមជាមួយក្រុមការងារបច្ចេកទេស ដោយមានការគាំទ្រពីអង្គការសុវណ្ណភូមិ បានចុះសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយស៊ីជម្រៅស្តីពី «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងសហគមន៍» នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន ១២៤នាក់ ក្នុងនោះស្ត្រីមានរហូតដល់៩៩នាក់។

ពិធីផ្សព្វផ្សាយនេះមិនត្រឹមតែជាការចែករំលែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបើកចំហរដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទាញយកចំណេះដឹងជាក់ស្តែង អំពីវិធីសាស្ត្រនៃការកំណត់សម្គាល់សញ្ញាអាសន្ន ការរៀបចំផែនការបម្រុងទុក និងការឆ្លើយតបភ្លាមៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងជីវភាពរស់នៅ។ វត្តមានយ៉ាងច្រើនកុះករ ជាពិសេសស្ត្រីដែលជាឆ្អឹងខ្នងក្នុងគ្រួសារ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពសហគមន៍។
លោកស្រី មាស សារ៉ន អាយុ ៥២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកក់ ដែលបានចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះ បានសម្តែងនូវក្តីរំភើប និងក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយលោកស្រីបានលើកឡើងថា កន្លងមក ឱ្យតែដល់រដូវទឹកជំនន់ ឬមានខ្យល់កន្ត្រាក់ គ្រួសារខ្ញុំ និងអ្នកភូមិតែងតែមានការព្រួយបារម្ភ និងរៀបចំខ្លួនមិនត្រូវនោះទេ។ ប៉ុន្តែបន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះ ខ្ញុំបានយល់ដឹងច្បាស់ពីរបៀបត្រៀមលក្ខណៈជាមុន ការរក្សាទុកឯកសារសំខាន់ៗ និងការជួយសង្គ្រោះបឋមដល់ក្មេងៗ និងមនុស្សចាស់។ វគ្គបណ្តុះបណ្តាលនេះពិតជាមានតម្លៃណាស់សម្រាប់អ្នកភូមិយើង។

ដោយឡែក លោក ស៊ិន សុផាត តំណាងប្រជាពលរដ្ឋក្នុងឃុំជប់វារី ក៏បានចែករំលែកការយល់ឃើញរបស់លោកផងដែរថាការចុះមកផ្ទាល់របស់អាជ្ញាធរ និងអង្គការដៃគូ ធ្វើឱ្យពួកយើងមានអារម្មណ៍ថាមិនត្រូវបានបោះបង់ចោលឡើយ។ ចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ នឹងមិនត្រឹមតែប្រើប្រាស់សម្រាប់គ្រួសារខ្ញុំម្នាក់ឯងនោះទេ ខ្ញុំនឹងយកទៅចែករំលែកបន្តដល់បងប្អូនជិតខាង ដើម្បីឱ្យភូមិរបស់យើងមានសុវត្ថិភាពទាំងអស់គ្នា និងចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន។

លោក ធិញ ថុង អ្នកសម្របសម្រួលកម្មវិធី បានគូសបញ្ជាក់ថា ការបង្ការគ្រោះមហន្តរាយដែលមានប្រសិទ្ធភាពបំផុត គឺផ្តើមចេញពីសហគមន៍ផ្ទាល់។ ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីនៅថ្ងៃនេះ គឺជាសន្ទុះយ៉ាងសំខាន់ក្នុងការបង្កើត សហគមន៍
ឆ្លើយតបចំពោះគ្រោះមហន្តរាយដែលអាចកើតមាននៅក្នុងមូលដ្ឋាន។ ការចុះផ្សព្វផ្សាយនេះត្រូវបានវាយតម្លៃថា ជាជំហានយុទ្ធសាស្ត្រដ៏រឹងមាំមួយរបស់អាជ្ញាធរស្រុកព្រះនេត្រព្រះ ក្នុងការផ្លាស់ប្តូរទម្លាប់ពី ការរង់ចាំជួយសង្គ្រោះ មកជា ការបង្ការ និងត្រៀមខ្លួនជាមុន ដើរទន្ទឹមគ្នានឹងការកសាងភាពអត់ធ្មត់ និងម្ចាស់ការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងពិតប្រាកដ៕
ដោយ ឈុន សារ៉ាត





