លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវកៅស៊ូ (DBST)១ខ្សែ ស្ថិតនៅក្នុងឃុំសាលាវិស័យ ដើម្បីធានាឱ្យបាននូវគុណភាព បច្ចេកទេស និងបញ្ចប់តាមផែនការដែលបានកំណត់
AKP កំពង់ធំ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--លោក គង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះពិនិត្យមើលវឌ្ឍនភាពក្នុងការស្ថាបនាផ្លូវកៅស៊ូ(DBST) ១ខ្សែ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន១ខ្សែទៀត សម្រាប់សាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងកម្រាលបេតុងនាពេលនេះដែលបានតភ្ជាប់ពីភូមិខ្មាក់ទៅភូមិវាលល្ពាក់ តភ្ជាប់ពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ទៅភូមិអូរគ្រូកែ ឃុំសបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានប្រវែងសរុប ៨.២៤ គីឡូម៉ែត្រ។ ផ្លូវ១ខ្សែនេះបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

លោកអភិបាលស្រុក បានពិនិត្យយ៉ាងល្អិតល្អន់លើការរៀបចំគ្រឹះផ្លូវ ការឈូសឆាយ និងការចាក់កៅស៊ូ ដើម្បីឱ្យស្របតាមស្តង់ដារបច្ចេកទេស ធានាបាននូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែងនិងបានជំរុញ ណែនាំដល់ក្រុមហ៊ុនម៉ៅការ និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាពជាម្ចាស់ និងប្រញាប់ប្រញាល់ពន្លឿនការសាងសង់ឱ្យបានមុនរដូវភ្លៀងធ្លាក់ខ្លាំង ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ម៉្យាងទៀតផ្លូវកៅស៊ូថ្មី១ខ្សែនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំសាលាវិស័យឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានជួប និងសួរសុខទុក្ខ សហគមន៍កសិកម្ម និងបងប្អូនប្រជាពលដែលរស់នៅតាមដងផ្លូវ ដែលពួកគាត់បានប្រកបរបរកសិកម្ម ក្រៅពីនេះក៏បានចិញ្ចឹម ជ្រូក មាន់ ទា ជាលក្ខណៈគ្រួសារ ដើម្បីជួយបង្កើតជីវភាពគ្រួសារឱ្យមានភាពធូរធារក្នុងការរស់នៅប្រចាំថ្ងៃ ដោយពួកគាត់បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាក្នុងការដឹកជញ្ជូនរាល់ទំនិញផ្សេងៗទៅកាន់ទីផ្សារដែលមានភាពឆាប់រហ័សទៅដល់គោលដៅ។

លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ជាសេនាធិការកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធ៌ម សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ទីជនបទ៕
ដោយ ស៊ុម វណ្ណា





