ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៤គ្រួសារ នៅស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបានអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៤គ្រួសារ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមក្រោមការប្រគល់ជូនដោយ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ។

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់នោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវការចូលរួមសោកស្តាយជាមួយជនរង និងបានពាំនាំនូវការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងបានគិតគូរខ្ពស់ចំពោះ ជនរងគ្រោះ និងងាយរងគ្រោះដោយឱ្យតំណាងចុះជួបជាមួយក្រុមគ្រួសាររងគ្រោះ ព្រមទាំងបាននាំជាមួយស្បៀង សម្ភារៈ និងថវិកា ទៅឧបត្ថម្ភជូនដល់ជនរងគ្រោះ ពេលជួបមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុដោយគ្រោះមហន្តរាយពីធម្មជាតិ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុហេតុណាមួយ ពិសេសនៅពេលមេឃកលភ្លៀង និងមានភ្លៀងធ្លាក់តែងតែមានបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម។

ចូរបងប្អូន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទើបយើងបង្ការបាននូវការការពារខ្លួន ចៀសផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត និងចូលរួមថែទាំសុខភាពឱ្យបានល្អផងដែរ។

ចំពោះអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តប្រគល់ជូនទាំង៥៤ គ្រួសារនាពេលនោះ ដោយក្នុង ១គ្រូសារ ទទួលបាន អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ១យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ឃីត ១ សម្រាប់ និងថវិកាមួយចំនួនផងដែរ៕

ដោយ ឆាយ ម៉ុត





