បាក់អណ្តូងរ៉ែមាសនៅព្រំដែនកាមេរូន-សាធារណរដ្ឋអាហ្វ្រិកកណ្តាល បណ្តាលឱ្យមនុស្សជាង ១០០នាក់ស្លាប់
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នករុករករ៉ែជាង ១០០នាក់បានស្លាប់កាលពីថ្ងៃអង្គារបន្ទាប់ពីអណ្តូងរ៉ែមាសមួយបានដួលរលំនៅភូមិព្រំដែនរវាងប្រទេសកាមេរូននិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR)។
លោក ហ្គ្រីជឺរ៉េ វ៉ុនហ្គោ (Gregoire Mvongo) អភិបាលតំបន់ភាគខាងកើតនៃប្រទេសកាមេរូន ដែលមានព្រំប្រទល់ជាប់នឹងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បាននិយាយថា ការបាក់រលំនេះបានកើតឡើងនៅម៉ោងប្រហែល ២:០០នាទីរសៀល (ម៉ោងក្នុងស្រុក) នៅក្នុងភូមិហ្សាមបូយ៉េ។
លោក វ៉ុនហ្គោ បានប្រាប់សារព័ត៌មានស៊ីនហួតាមទូរស័ព្ទថា«ភូមិហ្សាមបូយ៉េ គឺជាភូមិព្រំដែន ប៉ុន្តែអណ្តូងរ៉ែបានបាក់រលំនៅខាងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ជនជាតិកាមេរូនប្រហែល ៣ទៅ ៥នាក់បានស្លាប់។ យើងកំពុងតែរៀបចំគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះជនរងគ្រោះ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CRTV នៃប្រទេសកាមេរូនបានរាយការណ៍ថា ចំនួនអ្នកស្លាប់មានជាង ១០០នាក់។ សារព័ត៌មានក្នុងស្រុកផ្សេងទៀតបានរាយការណ៍ថា សាកសពចំនួន ១០៧ នាក់ត្រូវបានរកឃើញហើយចេញពីកម្ទេចកម្ទី។
លោក អូរីជេន ដូកណា (Oriegene Dokna) ជាអ្នកស្រុកនៅជិតកន្លែងនោះបានពិពណ៌នាអំពីសោកនាដកម្មនេះថាជាការភ្ញាក់ផ្អើលដល់សហគមន៍ក្នុងតំបន់។ លោក ដូកណា បានសារព័ត៌មានប្រាប់ស៊ីនហួថា«យើងមានការភ្ញាក់ផ្អើលចំពោះសោកនាដកម្មនេះ។ ក្រុមគ្រួសារបានកាន់ទុក្ខតាំងពីម្សិលមិញ។ នេះជាស្ថានភាពដែលពិបាកទទួលយក»។
មន្ត្រីមូលដ្ឋានបាននិយាយថា ក្រុមជួយសង្គ្រោះនៅតែធ្វើការដើម្បីទៅជួយសង្គ្រោះអ្នករុករករ៉ែដែលគេជឿថាជាប់នៅក្រោមដី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





