គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហរទីតាំងអគារស្នាក់ ធ្វើការដកហូតវត្ថុតាង និងឃាត់ជនសង្ស័យមួយចំនួន
AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ -- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកអភិបាលរងក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលចំហទីតាំងអគារស្នាក់នៅមួយកន្លែងយីហោ «ហាយ អាន អាផាតមិន» ដោយបានរកឃើញសម្ភារ និងវត្ថុតាងជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) វត្ថុសង្ស័យជាសារធាតុញៀន ព្រមទាំងរកឃើញជនបរទេសស្នាក់ស្នាក់នៅពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ All-In-One ចំនួន ១៤គ្រឿង កុំព្យូទ័រយួរដៃចំនួន ១០គ្រឿង ទូរស័ព្ទដៃចំនួន ១៧គ្រឿង កាំភ្លើងខ្យល់ (ខ្លី) ០១ដើម បង់ចំនួន០១ និងកាំបិតចំនួន០១ វត្ថុសង្ស័យជាសារធាតុញៀមួយចំនួន។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ (ស្រី ០៤នាក់) ក្នុងនោះ ជនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ១២នាក់ (ស្រី ០៣នាក់) រួមមានជនជាតិវៀតណាម ១០នាក់ (ស្រី ០៣នាក់) និងជនជាតិចិន ០២នាក់ (ប្រុស)។

ជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ០២នាក់ (ស្រី ០១នាក់) រួមមានជនជាតិចិន ០១នាក់ (ប្រុស) និងជនជាតិវៀតណាម ០១នាក់ (ស្រី)។ ការស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវចំនួន ២១នាក់ (ប្រុស) រួមមានជនជាតិចិន ១៨នាក់ និងជនជាតិវៀតណាម ០៣នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣៥នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។

សូមរម្លឹកថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុបន្តចុះធ្វើរដ្ឋបាលចំហនៅតាមទីតាំងដែលមានការសង្ស័យជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីបង្ក្រាប និងសំអាតផ្ទះរបស់យើងឱ្យអស់នូវបទល្មើសឆបោកតាមបច្ចេកវិទ្យា៕

ដោយ៖ ងូ សុមុនី





