ក្រសួង៣ និងអាជ្ញាធរមីន រួមគ្នាបោសសម្អាតមីន និងពង្រឹងកិច្ចការពារបរិស្ថាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ -- អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងធម្មការ និងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា ដែលជាជំហានសំខាន់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

គួរបញ្ជាក់ថា ក្នុងពិធីនេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួង ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការចុះអនុស្សរណៈជាមួយក្រសួង ស្ថាប័នទាំង៣ ក្នុងថ្ងៃតែមួយ បានបង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្ម ក៏ដូចជាសាមគ្គីភាពលើគ្រប់វិស័យនៅកម្ពុជារវាងក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាល និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តគោលនយោបាយជាតិ ជាពិសេសការចូលរួមពង្រឹងការការពារបរិស្ថាន និងធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបន្ថែមថា សុវត្ថិភាពពីមីន ការគ្រប់គ្រងធនធានទឹក ការការពារទីជម្រាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអប់រំសីលធម៌ និងការចូលរួមរបស់សង្គមពីសាសនា សុទ្ធតែមានទំនាក់ទំនងគ្នា និងត្រូវការកិច្ចសហការអន្តរវិស័យ និងបានឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើង អនុលោមស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសឱ្យមាន «ភាពស្អាត ភាពបៃតង និងចីរភាព»។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈជាមួយក្រសួង និងស្ថាប័នទាំង៤ គឺជាការបោះជំហានថ្មីមួយទៀត ដើម្បីសម្រេចបានគោលដៅធានានូវចីរភាពបរិស្ថាន ក្នុងនោះ អនុស្សរណៈទី១៖ ក្រសួងបរិស្ថានជាមួយអាជ្ញាធរមីននឹងសហប្រតិបត្តិការបោសសម្អាត តំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់ការពារធម្មជាតិ។ តាមយរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការចែករំលែកទិន្នន័យ ផែនទីកំណត់ អត្តសញ្ញាណ កំណត់អាទិភាពតំបន់រងផលប៉ះពាល់ សម្របសម្រួលប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត រំដោះផ្ទៃដី និងការកៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុជាដើម។

អនុស្សរណៈទី២ រវាងក្រសួងបរិស្ថានជាមួយក្រសួងធនធានទឹក និងឧតុនិយម នឹងសហប្រតិបត្តិការគ្នាដោយផ្តោតទៅលើការដាំដើមឈើ ការការពារ និងស្តារទីជម្រាល តំបន់ដីសើម និងប្រព័ន្ធអេកូឡូស៊ីពាក់ព័ន្ធ ការគ្រប់គ្រង ធនធានទឹកប្រកបដោយនិរន្តរភាព និងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ចំពោះសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺការរក្សាសមតុល្យរវាងតម្រូវការទឹកសម្រាប់ប្រជាពលរដ្ឋ កសិកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាមួយតម្រូវការទឹកសម្រាប់ប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើម និងជីវៈចម្រុះ។
ចំពោះអនុស្សរណៈទី៣ រវាងក្រសួងបរិស្ថានជាមួយក្រសួងធម្មការ និងសាសនា នឹងសហប្រតិបត្តិការរួមគ្នាផ្តោតសំខាន់ទៅលើការអភិរក្ស កិច្ចគាំពារបរិស្ថាន ការលើកកម្ពស់សីលធម៌បរិស្ថាន និងការអភិវឌ្ឍវិស័យធម្មការ និងសាសនាប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យវត្តអារាម និងស្ថាប័នសាសនាក្លាយជាគំរូនៃទីកន្លែងស្អាត និងបៃតង តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការញែក និងគ្រប់គ្រងសំរាម ការដាំ និងថែទាំដើមឈើ ការសន្សំទឹក និងថាមពល ការការពារសត្វព្រៃ និងជីវៈចម្រុះ និងការចូលរួមក្នុងសកម្មភាពស្តារបរិស្ថាននៅមូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាស និងផ្តល់ជូនធុងសំរាមទៅគ្រប់វត្តអារាម រួមជាមួយព្រះវិហារនៃសហគមន៍សាសនានានានៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបានប្រគល់ធុងសំរាម ជូនឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា ជានិមិត្តរូបផងដែរ៕
ដោយ៖ មករា





