កិច្ចប្រជុំស្ដីពីការរៀបចំយន្តការបច្ចេកទេសអធិការកិច្ច និងការវាយតម្លៃសាលារៀន
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំយន្តការបច្ចេកទេសអធិការកិច្ច និងការវាយតម្លៃសាលារៀន ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន២ រួមមាន៖ ១. ពង្រឹងការអនុវត្តស្វ័យវាយតម្លៃសាលារៀន ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃសាលារៀនគំរូ។ ២. ពង្រឹងការវាយតម្លៃសាលារៀនគំរូនៅចុងឆ្នាំសិក្សា តាមរយៈការដាក់ពាក្យស្នើសុំពីសាលារៀន ដោយក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតអគ្គាធិការបានផ្ដល់អនុសាសន៍ដល់ក្រុមការងារជំនាញ ដើម្បីអនុវត្តបន្តដូចតទៅនេះ ។
នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំត្រូវរៀបចំបញ្ជីឈ្មោះសាលារៀន ដែលបានចុះអធិការកិច្ចក្នុងឆ្នាំសិក្សា២០២៥-២០២៦ និងរៀបចំកិច្ចប្រជុំជាមួយអនុវិស័យទាំងបី ដើម្បីពិនិត្យលើលទ្ធផលដោយផ្អែកលើស្វ័យវាយតម្លៃសាលារៀន ការដាក់ពាក្យស្នើសុំពីនាយកសាលារៀនដែលទទួលស្គាល់ពីប្រធានមន្ទីរអប់រំ និងលទ្ធផលអធិការកិច្ចរបស់នាយកដ្ឋានទាំងបី។ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំត្រូវសរសេរកំណត់បង្ហាញរឿងចំនួន ២០សាលារៀនដែលបានចុះកន្លងមក ដើម្បីសុំគោលការណ៍ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តបន្ត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





