សម្ដេចតេជោ ហ៊ុន សែន អរគុណចំពោះតួនាទីរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន ក្នុងការគាំទ្រការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអរគុណដែរចំពោះតួនាទីរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន ក្នុងការគាំទ្រដោយការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើសន្តិវិធី។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Gao Fei នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិន មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ Gao Fei បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក ក៏ដូចជាប្រតិភូរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានសរសើរពីភាពរីកចម្រើនរបស់កម្ពុជាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ លោកថា ការរីកចម្រើនរបស់កម្ពុជានៅពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងដឹកនាំដោយសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។ លោកសាស្រ្ដាចារ្យក៏បានកោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថេរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

លោកសាស្រ្ដាចារ្យក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទសប្រទេសចិននៅពេលនេះ គឺក្នុងគោលដៅដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ (Track II Diplomacy) ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

ក្នុងឱកាសនោះ សម្ដេចតេជោបានស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេស ជាពិសេសគឺពេញចិត្តចំពោះការលើកឡើងពីការមើលឃើញដោយផ្ទាល់របស់លោកអំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះសម្ដេចតេជោ ក៏បានអរគុណដែរចំពោះតួនាទីរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន ដែលបានរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ ប៉ុន្តែនិយាយជារួមគឺ ការចូលរួមរបស់ចិននៅក្នុងការគាំទ្រដោយការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើសន្តិវិធី៕
ដោយ៖ ជឹម ណារី





