ក្រសួងបរិស្ថាន និងអង្គការ FAO ជួយស្តារព្រៃឈើក្នុងសហគមន៍ចំនួន៧ មកពីខេត្តកំពង់ធំ និង សៀមរាប
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ -- ក្រសួងបរិស្ថាន ដោយសហការជាមួយអង្គការ FAO អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញប្រចាំខេត្ត តាមរយៈគម្រោង PEARL ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាមួយដោយមានអ្នកចូលរួមចំនួន ៥៣នាក់ មកពីតំបន់ការពារធម្មជាតិសហគមន៍ចំនួន៧ ក្នុងខេត្តកំពង់ធំ និងសៀមរាប ដើម្បីរៀបចំផែនការស្តារព្រៃឈើសម្រាប់សហគមន៍របស់ពួកគេ។

ក្នុងរយៈពេល ២ថ្ងៃនោះ សមាជិកសហគមន៍ និងមន្ត្រីឧទ្យានុរក្ស បានពិភាក្សាគ្នាអំពីវិធានការការពារផ្នែកបរិស្ថាន និងសង្គម ព្រមទាំងបានរៀនសូត្រជំនាញជាក់ស្តែងមួយចំនួន ដូចជា ការគ្រប់គ្រងថ្នាលបណ្តុះកូនឈើ ការដឹកជញ្ជូនកូនឈើ ការដាំដើមឈើ និងការថែទាំព្រៃឈើក្នុងរយៈពេលវែង។
ព្រៃឈើដែលមានសុខភាពល្អ គឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍មូលដ្ឋាន។ ព្រៃឈើជួយការពារប្រភពទឹក គាំទ្រដល់ភាពសម្បូរបែបនៃជីវចម្រុះ កាត់បន្ថយការរិចរិលដី និងផ្តល់នូវធនធានដែលគ្រួសារជាច្រើនពឹងអាស្រ័យសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ សិក្ខាសាលានេះនឹងជួយបញ្ចប់ផែនការស្តារព្រៃឈើសម្រាប់តំបន់ការពារធម្មជាតិសហគមន៍នីមួយៗ ដោយធានាថា សកម្មភាពនានានៅពេលអនាគតនឹងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ ព្រមទាំងអនុលោមតាមគោលការណ៍ការពារផ្នែកបរិស្ថាន និងសង្គមរបស់មូលនិធិអាកាសធាតុបៃតង។

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ គម្រោង PEARL ដែលអនុវត្តដោយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារព្រៃឈើ ព្រមទាំងជួយសហគមន៍ជនបទក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការពារធនធានធម្មជាតិដែលពួកគេពឹងអាស្រ័យ៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ FAO)





