ប្រជាពលរដ្ឋ១៧៥នាក់ទទួលបានការព្យាបាលជំងឺដោយឥគិតថ្លៃពីក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិននៅស្រុកកំពង់រោទិ៏
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ លោកយាយ លោកតា ព្រមទាំងក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលបានមកព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន១៧៥នាក់នៅថ្ងៃទី១ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

លោក ស៊ី អ៊ីជុង ប្រធានដឹកនាំក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិន ក៏បានលើកឡើងថា ក្រុមគ្រូពេទ្យរបស់លោកបានដំណើរការព្យាបាលដោយឥតគិតថ្លៃនៅព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល២៤ឆ្នាំមកហើយ និងមានបេសកកម្មជួយដល់ប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ។
លោកបានបន្តទៀតថា ចំណែក្នុងថ្ងៃនេះ ក៏មានក្រុមគ្រូពេទ្យមកពី ប្រទេសចិន ម៉ាឡេស៊ី និង កោះតៃវ៉ាន់ រួមទាំងក្រុមគ្រូពេទ្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ សរុបចំនួន១៣៥នាក់ ដោយធ្វើការព្យាបាលរយៈពេលចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ គឺនៅស្រុកកំពង់រោទិ៍ និងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រទេសជាតិរឹតតែមានការរីកចំរើន ថ្កុំថ្កើន ជឿនលឿន និង ប្រជាពលរដ្ឋមានសុខភាពល្អបរិបូណ៍។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលទទួលបានការព្យាបាលដោយឥតគិតថ្លៃហើយនឹងត្រូវទទួលបានអង្ករក្នុងម្នាក់ៗ១០គីឡូក្រាមផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះ ទឹកចិត្ត និងបានគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិន ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ថវិកា និងការជួយពិនិត្យ ព្យាបាលជូនដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ បានជា ច្រើនខេត្តនៅក្នុងព្រះរាជណាចក្រកម្ពុជា រួមទាំង ខេត្តស្វាយរៀង នាពេលនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលកូវីដ-១៩ មូលនិធិ ក្រុម គ្រូពេទ្យស្ម័គ្រ ចិត្ត ក៏បានជួយដល់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនឹងអភិវឌ្ឍន៍ ខេត្តស្វាយរៀង នូវស្បៀងអាហារមួយចំនួនផងដែរ។ សកម្មភាពទាំងនេះបាន បង្ហាញអំពីការចូលរួមយ៉ាងសកម្មរបស់គ្រួពេទ្យ សប្បុរសធម៌ ដែលបានជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងដោយក្តីស្រឡាញ់ និង មេត្តាធម៌។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើ អនាម័យ រស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសាទឹកឆ្អិន និង បរិភោគ អាហារដែលមានអាហាររូបត្ថម្ភគ្រប់គ្រាន់ ដើម្បី ចៀសវាង ជំងឺ ដង្កាត់ ផ្សេងៗ។ មួយវិញទៀត នៅពេលបងប្អូនដែលទទួលបានថ្នាំ និងការព្យាបាល នាថ្ងៃនេះ សូមប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវតាមកម្រិត និងគោរពតាមការ ណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឱ្យការព្យាបាលទទួលបាន ប្រសិទ្ធ ភាព ។ សម្រាប់ប្រជាពលរដ្ឋ១៧៥នាក់ ដែលទទួលបានការព្យាបាលនាថ្ងៃនេះ ក៏ទទួលបានការឧបត្ថម្ភពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំនួន៣ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ ៕
ដោយ សួស សំរិត





