ក្រសួងបរិស្ថាន ជាមួយដៃគូប្រកាសអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងតាមលំនៅឋាន ក្នុងក្រុងបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦– គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង បានត្រូវប្រកាសចាប់ផ្តើមនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខត្តបាត់ដំបង បានថ្លែងក្នុងពិធីនេះថា បរិមាណសំណល់មានការកើនឡើងជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង។ ម្ល៉ោះហើយគម្រោងមួយនេះនឹងជួយឱ្យការគ្រប់គ្រងបានត្រឹមត្រូវ នូវសំណល់ដែលយើងបោះចោលជារៀងរាល់ថ្ងៃ និងរួមចំណែកទប់ស្កាត់ការបំពុលបរិស្ថាន ប៉ះពាល់ដល់សុខភាពសាធារណៈ សោភ័ណភាពទីក្រុង។

លោក Frank Jattke ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការកើនឡើងសំរាម នៅតាមទីប្រជុំជន ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) កំពុងអនុវត្តគម្រោងគំនិតផ្តួចផ្តើមកំណើនបៃតងសម្រាប់សេដ្ឋកិច្ចចក្រាសម្រាប់ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព (GGI4CE) ដើម្បីដាក់បញ្ចូលនូវគោលការណ៍សេដ្ឋកិច្ចចក្រាទៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចាប់ផ្តើមគម្រោងសាកល្បងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាម សំណល់រឹងប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃ ការផ្លាស់ប្តូរទម្លាប់ និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះសំណល់ ដោយចាប់ផ្តើមពីកន្លែងដែលយើងរស់នៅ និងពីគ្រួសាររបស់យើងផ្ទាល់។

ឯកឧត្តមបានលើកឡើងថាក្រសួងបរិស្ថាន បាន និងកំពុងផ្តោតសំខាន់លើ ការញែកសំរាម សំណល់រឹងនៅនឹងប្រភព ពោលគឺការញែកសំណល់ចាប់ពីកន្លែងដែលសំណល់ត្រូវបានបង្កើតឡើង ជាពិសេសនៅតាមលំនៅឋាន សាលារៀន ស្ថាប័ន និងទីតាំងអាជីវកម្មនានា។ ការញែកសំណល់នៅប្រភព នឹងជួយឱ្យយើងអាចកាត់បន្ថយបរិមាណសំណល់ដែលត្រូវយកទៅបោះចោល បង្កើនការកែច្នៃ និងប្រើប្រាស់ធនធានឡើងវិញ ព្រមទាំងកាត់បន្ថយការចំណាយក្នុងការប្រមូល និងដឹកជញ្ជូនសំណល់។

សូមបញ្ជាក់ថា គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ផ្តោតលើការរៀបចំ ប្លុកទី២ (រួមមានផ្លូវលេខ១, ១.៥, ២, ២.៥, និងផ្លូវលេខ៣) ជាតំបន់ប្រមូលម្តុំទៅដោយអាជីកម្ម ពាណិជ្ជកម្មដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដែលស័ក្តិសមសម្រាប់ការសាកល្បងគំរូញែកសំរាមនៅតំបន់ទីប្រជុំជន។ ប្លុកទី៣ (សហគមន៍កំពង់ក្របី) វិញ គឺជាសហគមន៍ដែលមានការរស់នៅបែបប្រមូលម្តុំដីឡូត៍តូចៗ និងមានប្រជាជនប្រហែល១០០គ្រួសារ។
ការរស់នៅបែបចង្អៀតគ្នាពុំសូវមានដីទំនេរ ផ្លូវចូលតូចចង្អៀត ដែលអាចធ្វើឱ្យយើងអាចរៀនពីរបៀបគ្រប់គ្រងសំរាមក្នុងរយៈពេលនៃការសាកល្បងនេះ។

ការសាកល្បងនៅប្លុកទាំងពីរនេះនឹងណែនាំអំពីប្រព័ន្ធញែកសំរាមជាក់ស្តែងជាបីប្រភេទ រួមមានសំរាមសរីរាង្គ សំរាមកែច្នៃឡើងវិញ និងសំរាមផ្សេងៗ៕

ដោយ៖ មករា





