ខេត្តបន្ទាយមានជ័យ ពង្រឹងយន្តការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធឌីជីថល SARMIS ដើម្បីធានាសុចរិតភាព និងប្រសិទ្ធភាពថវិកាជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៦– ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យកាន់តែមានភាពច្បាស់លាស់ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «ការត្រួតពិនិត្យ ផ្គរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥» នៅសាលប្រជុំធំរដ្ឋបាលខេត្ត។

កិច្ចប្រជុំដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយករដ្ឋដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ និងជាប្រធានប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួង អភិបាលរងខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង៩ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរឃុំ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម សុខ ធី ប្រធានប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់អំពីសារសំខាន់នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យទ្រព្យសម្បត្តិរដ្ឋតាមរយៈ «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី»។ ឯកឧត្តមបានលើកឡើងថា ការរៀបចំបញ្ជីសារពើភណ្ឌឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា តាមទម្រង់ និងនីតិវិធីកំណត់ គឺជាស្នូលយ៉ាងសំខាន់ក្នុងការធានាសមធម៌ និងតុល្យភាពនៃការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ ឆ្លើយតបទៅនឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

នៅក្នុងប្រសាសន៍សំណេះសំណាល និងដឹកនាំកិច្ចប្រជុំ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា និងការណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ (រួមមាន រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពជំនាញ) ត្រូវប្រញាប់ប្រញាល់ជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) លើអចលនទ្រព្យដែលជាសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការទន្ទ្រាន ឬបាត់បង់ដោយប្រកាណាមួយ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា"ទ្រព្យសម្បត្តិរដ្ឋគឺជាសម្បត្តិរួមរបស់ជាតិ ការគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ តាមប្រព័ន្ធ SARMIS មិនត្រឹមតែជួយឱ្យយើងដឹងពីស្ថានភាពទ្រព្យសម្បត្តិពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការប្រកាសអាសន្នលើការថែរក្សាការពារទ្រព្យសម្បត្តិទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត"។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះ ដើមី្បជួយសម្រួល និងពង្រឹងសមត្ថភាពការងារដល់រដ្ឋបាលថ្នាក់មូលដ្ឋានផ្ទាល់ ឯកឧត្តម អ៊ុ រាត្រី ក៏បានប្រគល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១០ ក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងកិច្ចការងារផ្តល់សេវាសាធារណៈ និងការចុះបញ្ជីទិន្នន័យជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំផ្សព្វផ្សាយនេះទទួល បានលទ្ធផលផ្លែផ្កា និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាក្របខ័ណ្ឌការងារបញ្ជីសារពើភណ្ឌប្រចាំឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ដោយ៖ ឈុន សារ៉ាត





