ឯកឧត្តម ឌិត ទីណា និងសហភាពអឺរ៉ុប អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
AKPភ្នំពេញ៖ថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៦– ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អុីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប(EU) ចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង។

ការចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏ជួបសំណេះសំណាលជាមួយប្រជាកសិករនៃសហគមន៍កសិកម្មចំបក់ និងសហគមន៍កសិកម្មអូរពងមាន់ ដែលទទួលបានការគាំទ្រពីគម្រោង (EU-German CAPSAFE)។

សម្រាប់គម្រោង (EU-German CAPSAFE)នេះផ្តោតសំខាន់លើដំណាំស្វាយចន្ទី និងម្រេច សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ដេីម្បីលេីកកម្ពស់ការធ្វេីកសិកម្មប្រកបដោយនិរន្តរភាព និងជួយស្ទួយការកែច្នៃក្នុងស្រុក ស្របតាមស្តង់ដាគុណភាពអន្តរជាតិ និងស្តង់ដាសុវត្ថិភាពចំណីអាហារ សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ដែលទទួលបានតម្លៃបន្ថែមខ្ពស់៕


ដោយ៖ មករា





