កិច្ចប្រជុំដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់តំបន់ឆ្នេរ និងសហគមន៍នានានៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--សហគមន៍តាមតំបន់ឆ្នេររបស់កម្ពុជាគឺជាក្រុមដែលទទួលរងផលប៉ះពាល់ផ្ទាល់មុនគេពីការប្រែប្រួលអាកាសធាតុ។ ការហូរច្រោះដីឆ្នេរ ការជ្រៀតចូលនៃទឹកប្រៃ និងអាកាសធាតុធ្ងន់ធ្ងរកំពុងបង្កជាសម្ពាធកាន់តែខ្លាំងឡើងលើវិស័យនេសាទ ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់ប្រជាជនរស់នៅក្នុងតំបន់នោះ ។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ តំណាងមកពីស្ថាប័នរដ្ឋបាល ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ជាប់តំបន់ឆ្នេរ សហគមន៍ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវប្រមាណជា ១០០នាក់បានជួបជុំគ្នាដើម្បីចូលរួមរៀបចំ «ផែនការសកម្មភាពស្តីពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (CCAAP)» សម្រាប់តំបន់ឆ្នេររបស់កម្ពុជា។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា។

ការពិភាក្សាបានផ្តោតលើអាទិភាពនៃការសម្របខ្លួនជាក់ស្តែង រួមទាំងការសម្របខ្លួនដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងដំណោះស្រាយដែលផ្អែកលើធម្មជាតិ ព្រមទាំងវិធីដែលកម្ពុជាអាចការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរបានកាន់តែប្រសើរឡើង ខណៈពេលដែលពង្រឹងភាពធន់របស់សហគមន៍ដែលពឹងផ្អែកលើវិស័យនេសាទ។
តាមរយៈគម្រោង 𝗖𝗮𝗺𝗔𝗱𝗮𝗽𝘁 ដំណោះស្រាយជាក់ស្តែងទាក់ទងនឹងអាកាសធាតុត្រូវបានអនុវត្តព្រលែងកូនក្តាមសមុទ្រ (blue swimming crab) ចំនួន ៨៥០ ០០០ ក្បាល ត្រូវបានលែងចូលក្នុងដែនធម្មជាតិនៅខេត្តកំពត ដាក់ធុងស្តុកទឹកភ្លៀងចំនួន ២៨៧ ជូន ដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេរចំនួន ៣១ ផ្តល់ផ្ទះហាលផលិតផលដោយប្រើថាមពលពន្លឺព្រះអាទិត្យ ខ្នាតតូច ចំនួន២២ ជួយសហគមន៍នេសាទក្នុងការរក្សាគុណភាពផលនេសាទ និងកាត់បន្ថយការខាតបង់ ហើយមាន ព្រៃកោងកាងទំហំ ១០,៥៣ ហិកតា ត្រូវបានស្តារឡើងវិញនៅតំបន់រ៉ាមសារ កោះកាពិក ។ ជាទូទៅ គម្រោង CamAdapt មានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុសម្រាប់ប្រជាជនប្រមាណជា១០០ ០០០នាក់ និងគាំទ្រដល់ការការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរដែលមានទំហំប្រហែល៨២ ០០០ ហិកតា។

គម្រោងនេះត្រូវបានអនុវត្តន៍រួមគ្នាដោយក្រសួងបរិស្ថាន ក្រសួងកសិកម្ម ដោយមានការគាំទ្របច្ចេកទេស អង្គការ 𝗙𝗔𝗢 និងហិរញ្ញប្បទានពី 𝗚𝗹𝗼𝗚𝗹𝗼 𝗘𝗻𝘃𝗶𝗿𝗼𝗻𝗺𝗲𝗻𝘁 𝗙𝗮𝗰𝗶𝗹𝗶𝘁𝘆 ផងដែរ៕
ដោយ ណយ នឿន (ប្រភព៖𝗙𝗔𝗢)





