ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារជនបង្គោល សម្រាប់ការប្រមូលកម្រៃសេវាសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៦– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារជនបង្គោល សម្រាប់ការប្រមូលកម្រៃសេវាសាធារណៈ តាមរយៈសេវាឌីជីថលរបស់ធនាគារចំនួនពីរ ដែលបានបញ្ចប់ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) របស់ក.អ.ក.។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារជាជនបង្គោល សម្របសម្រួលដល់ការចាប់ផ្តើមប្រមូលកម្រៃសេវាសាធារណៈ តាមរយៈសេវាធនាគារឌីជីថលរបស់ធនាគារពីរ ដែលបានបញ្ចប់ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) របស់ក.អ.ក. ដោយបានប្រព្រឹត្តទៅជាពីរលើកនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងនោះរួមមាន៖

- លើកទី១ ប្រព្រឹត្តទៅនៅវេលាម៉ោង ៩:០០នាទីព្រឹក ជាមួយគណៈប្រតិភូ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដឹកនាំដោយ លោក នូ សុធារ៉ា នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុអាជីវកម្ម, និង- លើកទី២ ប្រព្រឹត្តទៅនៅវេលាម៉ោង ២:០០នាទីរសៀល ជាមួយគណៈប្រតិភូ ធនាគារវីង (Wing) ដឹកនាំដោយលោក សេង ពិសិដ្ឋ ប្រធាននាយកដ្ឋានបំលែងសេវាធនាគារបុគ្គល។
កិច្ចប្រជុំទាំងពីរលើកនេះ មានការចូលរួមពី តំណាងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) តំណាងនាយកដ្ឋានហិរញ្ញវត្ថុ (ន.ហ.វ.) និងនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ (ប.ឌ.ផ.) ព្រមទាំងតំណាង ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី (ACLEDA Plc.) ផងដែរ។

ក្នុងកិច្ចប្រជុំទាំងពីរលើកនេះ ឯកឧត្តមអគ្គលេខាធិការរង ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់តំណាង គ.វ.ក. តំណាងធនាគារ និងមន្ត្រីពាក់ព័ន្ធទាំងអស់របស់ ក.អ.ក. ដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំពិភាក្សា និងប្រកាសសមាសភាពជាជនបង្គោលរវាងស្ថាប័នពាក់ព័ន្ធ សម្របសម្រួលការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) ដើម្បីប្រមូលកម្រៃសេវាសាធារណៈ។

ឯកឧត្តមក៏បានរំលឹកដោយក្តីរីករាយអំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ដែលបានចាប់ផ្តើមជំហានទីមួយ នៅក្នុងកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ កិច្ចសហការយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក បានកសាងនូវកម្លាំងសាមគ្គីភាព និងការយល់ដឹងពីគ្នាយ៉ាងស៊ីជម្រៅរវាងក្រុមការងារភាគីទាំងពីរ ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញកិច្ចការងារឱ្យកាន់តែមានល្បឿន និងប្រសិទ្ធភាព រហូតឈានដល់ការប្រកាសសមាសភាពក្រុមការងារជនបង្គោល សម្រាប់ការប្រមូលសេវាសាធារណៈនៅថ្ងៃនេះ ដែលជាផ្លែផ្កាដ៏ត្រចះត្រចង់ និងជាជំហានវឌ្ឍនភាពថ្មីមួយទៀត ក្នុងគោលដៅលើកកម្ពស់គុណភាព នៃការផ្តល់សេវាថែទាំ និងគាំទ្រជូនវិនិយោគិនឱ្យកាន់តែមានភាពទាក់ទាញ និងប្រសិទ្ធភាពខ្ពស់។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ពិសេសភាគីធនាគារ បច្ចុប្បន្នប្រព័ន្ធធនាគារឌីជីថលរបស់ធនាគារដៃគូ បានអភិវឌ្ឍតភ្ជាប់សម្រាប់ការធ្វើអន្តរប្រតិបត្តិការជាមួយ ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដោយជោគជ័យ និងទទួលបានគោលការណ៍ឱ្យចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ផងដែរ។

គួររម្លឹកដែរថា ក.អ.ក. បានដាក់ចេញឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ជាប្រព័ន្ធស្នូលសម្រាប់ការដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីពន្លឿននីតិវិធី ធានាតម្លាភាព និងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាមានភាពរស់រវើក និងកាន់តែប្រសើរឡើង។ ប្រព័ន្ធ cdcIPM នេះ តភ្ជាប់ទៅ ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដែលផ្ដល់លទ្ធភាពកាន់តែប្រសើរជូនវិនិយោគិនក្នុងការទូទាត់កម្រៃសេវាជាទម្រង់ឌីជីថល សម្បូរបែប លឿនរហ័ស ជាអាទិ៍ ការទូទាត់តាមរយៈ ឃ្យូ.អ.កូដ, កម្មវិធីធនាគារចល័ត, និងការទូទាត់ប្រាក់អន្តរជាតិ ដូចជា Visa/MasterCard ព្រមទាំងអាចតាមដានស្ថានភាពនៃការពាក្យស្នើសុំកាន់តែងាយស្រួលផងដែរ៕
ដោយ៖ ចរិយា ប្រភព៖ CDC





