រដ្ឋបាលខេត្តបាត់ដំបងប្រកាសចាប់ផ្ដើមអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងនៅក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសចាប់ផ្ដើមការអនុវត្តន៍គម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងនៅក្រុងបាត់ដំបង និងពិធីប្រគល់សម្ភាៈពាក់ព័ន្ធ ដែលពិធីនេះធ្វើឡើងនៅសាលាក្រុងបាត់ដំបង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហ្រ្វាំង ដ្យាត់ ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) ។

លោក ហ្រ្វាំង ដ្យាត់ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានផ្ដល់រថយន្តដឹកសំណល់ដល់រដ្ឋបាលក្រុងបាត់ដំបង និងសង្ឃឹមថា ការអនុវត្តន៍សាកល្បងប្រព័ន្ធញែកសំរាមនឹងទទួលបានជោគជ័យធ្វើជាគំរូសម្រាប់ពង្រីកការអនុវត្តន៍នៅតំបន់ផ្សេងទៀត។

ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរត្រូវខិតខំពន្យល់ប្រជាពលរដ្ឋពីការទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានទៀងទាត់។
ឯកឧត្តមបានបង្ហាញចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងស្អាត ឆ្លាតវៃ បៃតង និងអាចដើរបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមបានថ្លែងអំណរគុណដល់GIZដែលបានផ្ដល់ជំនួយជារថយន្តដឹកសំរាម និងសម្ភារៈផ្សេងៗបម្រើឱ្យការអនុវត្តន៍គម្រោងសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង។ ការអនុវត្តន៍សាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនឹងសម្រេចបានជោគជ័យ និងអាចពង្រីកបានទូទាំងក្រុងបាត់ដំបង និងតំបន់ទីប្រជុំជនស្រុកនានានៅពេលអនាគត។

ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូបានបង្ហាញការគាំទ្រការអនុវត្តន៍សាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង ខណៈការទុកដាក់សំរាមជាការងារអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់។ ការទុកដាក់សំរាមបានត្រឹមត្រូវនឹងជួយលើកកម្ពស់សុខភាព សោភ័ណភាព សេដ្ឋកិច្ច និងបរិស្ថាន ហើយទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋពិតជាចង់ឃើញទីក្រុងបាត់ដំបងជាទីក្រុងស្អាត៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





