សហគមន៍នៅតំបន់ការពារទេសភាពអន្លង់ព្រីងបានចូលរួមគ្រប់គ្រងសំណល់គីមីកសិកម្មយ៉ាងសកម្ម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--ការគ្រប់គ្រងសំណល់គីមីកសិកម្មគឺជាសកម្មភាពចម្បងក្នុងការធានាថា សុខមាលភាពមនុស្សនិងអេកូឡូស៊ីមានភាពប្រសើរឡើងស្របតាមគោលបំណងរបស់គម្រោងស្រូវមិត្តក្រៀល នៅតំបន់ទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

កាលពីចុងខែកក្កដា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានសហការជាមួយឧទ្យានុរក្សនិងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥នាក់ បានចុះប្រមូលសំបកកំប៉ុង និងថង់ប្លាស្ទិកថ្នាំពុលគីមីកសិកម្មដែលប្រជាសហគមន៍នៅភូមិគោលដៅទាំង៤ បានយកទៅរក្សាទុកនៅលូសុវត្ថិភាពដែលត្រូវបានកសាងនៅតាមក្បាលស្រែ។ ក្នុងឆ្នាំ២០២៦នេះ ក្រុមការងារបានប្រមូលសំបកកំប៉ុងថ្នាំពុលចំនួន ១ ៣៤៥កំប៉ុង និងថង់ប្លាស្ទិកចំនួន ១ ២៩៦ថង់ មានទម្ងន់សរុប ៣៩១គីឡូក្រាម។ បូករួមជាមួយលទ្ធផលប្រមូលក្នុងឆ្នាំ២០២៥ សរុបមានចំនួន ៣ ០៦៨កំប៉ុង និង ២ ៦៦៣ថង់ ស្មើនឹង ៨២៨គីឡូក្រាម។ សំណល់ដែលប្រមូលបានទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងគ្រប់គ្រង និងប្រព័ន្ធរំលាយកាកសំណល់គីមីដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកែបដើម្បីធ្វើការរំលាយ។

ការប្រមូលសំណល់គីមីកសិកម្មបានយ៉ាងច្រើនបានឆ្លុះបញ្ចាំងថា ប្រជាកសិករមានការយល់ដឹង និងចូលរួមគ្រប់គ្រងសំណល់កសិកម្មពីស្រែរបស់ខ្លួលដើម្បីរួមចំណែកកាត់បន្ថយការបំពុលដល់មនុស្ស និងសត្វ ការពារជម្រកសត្វក្រៀល និងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។
យើងគាំទ្រការដាំស្រូវតាមគោលការណ៍ស្រូវមិត្តក្រៀល និងលើកកំពស់ការគ្រប់គ្រងកាកសំណល់គីមីកសិកម្មដើម្បីដឹងថា តំបន់អន្លង់ព្រីង ជាតំបន់មេត្រីភាពសត្វក្រៀល៕

ដោយ ណយ នឿន (ប្រភព៖NatureLife)





