អាជ្ញាធរដុតបំផ្លាញបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ប្រមាណជា ៤០០តោន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ប្រមាណជា៤០០តោន ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោមការចូលរួមពីឯកឧត្តម លី សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលការដុតបំផ្លាញនេះធ្វើឡើងដោយសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បារីក្លែងម៉ាក និងសម្ភារផលិតបារីក្លែងម៉ាក មានជាង ៦០ម៉ាក រួមមាន៖ Marlboro, ESSE, MEVIUS, 555, បារីចិន និងបារីពាក់ម៉ាកបរទេសជាច្រើន ប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញនាពេលនេះ ដោយសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំសម្របសម្រួលដោយតំណាង អយ្យការខេត្តត្បូងឃ្មុំ បានស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបនៅទីតាំងរោងចក្រ ២កន្លែង និងឃ្លាំងស្តុក ១កន្លែង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។

សូមជម្រាបជូនថា ការដុតបំផ្លាញចោលបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធនាពេលនេះ ធ្វើឡើងក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវការផលិត ការជួញដូរ ការចរាចរណ៍នូវផលិតផលក្លែងក្លាយដែលបំផ្លាញសុខភាព និងជាបទល្មើសដែលមានហានិភ័យខ្ពស់ ក៏ដូចជាការកាត់ផ្តាច់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន សំដៅធានាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ ការធានានូវសុខុមាលភាព ព្រមទាំងបង្កើនការគាំទ្រ និងទំនុកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសគឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការនគរបាលជាតិជាសេនាធិការ ប្រកបដោយឆន្ទមោះមុត ការទទួលខុសត្រូវក្នុងការបង្ក្រាប និងលុបបំបាត់នូវផលិតផលក្លែងក្លាយ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ការបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ និងការដុតបំផ្លាញបារីក្លែងម៉ាកនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ សហគមន៍អន្តរជាតិ និងក្រុមហ៊ុនជាម្ចាស់ម៉ាក សំដៅសម្រេចបាននូវគោលបំណងរួមគឺ លុបបំបាត់នូវផលិតផលក្លែងក្លាយ ធានាសុខុមាលភាពពលរដ្ឋ វិបុលសុខ និងពង្រឹងសេដ្ឋកិច្ចជាតិ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





