ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ដែលទើបមកពីការពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
AKP កំពង់ធំ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ផ្ដល់នូវភេសជ្ជៈ និងការសម្រាកបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋ និងលោកយាយលោកតា នៅស្រុកសណ្ដាន់ ដែលបានអញ្ជើញទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាពេលថ្មីៗកន្លងទៅនេះ ហើយត្រូវបានកងកម្លាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកជញ្ជូនគាត់វិលត្រឡប់ទៅកាន់មូលដ្ឋានស្រុកសណ្ដាន់វិញដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

កញ្ញា ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ ដែលជាអ្នកទទួលរ៉ាប់រងគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋនិងលោកយាយលោកតា ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺភ្នែកនៅទីក្រុងភ្នំពេញ បានឡើងធ្វើរបាយការណ៍បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលត្រូវបានចុះឈ្មោះទៅពិនិត្យ និងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតមានចំនួន៣២០នាក់។ តែត្រូវអវត្តមានមួយចំនួន និងមួយចំនួនទៀត ត្រូវបានលោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យឯកទេសបានវាយតម្លៃថាមិនទាន់អាចធ្វើការពិនិត្យ និងធ្វើការវះកាត់បាន ហើយត្រូវបានបញ្ជូនវឹលត្រត្រឡប់មកវិញជាបណ្តោះអាសន្ន រង់ចាំពេលវេលានៅពេលខាងមុខ ហើយលោកយាយលោកតា និងប្រជាពលរដ្ឋដែលបានពិនិត្យព្យាបាលរួច ត្រូវបានក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ពិនិត្យព្យាបាលយ៉ាងម៉ត់ចត់ហើយជាមួយនោះដែរ ក្រុមការងាររបស់លោកជំទាវបណ្ឌិត ជា សេរី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានផ្ដល់ជូនគាត់នូវការស្នាក់នៅ និងការហូបចុកបានគ្រប់គ្រាន់និងល្អប្រសើរផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតាដែលបានទៅពិនិត្យព្យាបាលជំងឺភ្នែកនៅទីក្រុងភ្នំពេញ បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ រួមជាមួយលោកជំទាវបណ្ឌិត ជា សេរី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់គាំទ្រក្នុងការដឹកជញ្ជូនទាំងពេលទៅនិងពេលត្រឡប់មកវិញក៏ដូចជាការស្នាក់នៅហូបចុក ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋនិងលោកយាយលោកតា ពិនិត្យព្យាបាលជំងឺភ្នែកនៅពេលនោះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ ប្រជាជននៅក្នុងស្រុកសណ្ដាន់ទាំងមូលសូមចងចាំ និងសូមគាំទ្រនូវរាល់សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ខេត្តកំពង់ធំ៕

ដោយ ស៊ុម វណ្ណា





