ឯកឧត្ដម លី ធុជ៖ មិត្តភាពកម្ពុជា-សិង្ហបុរីមានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រ ឈរលើការគោរព និងការគាំទ្រគ្នាទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា មិត្តភាពកម្ពុជា-សិង្ហបុរី មានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រ ឈរលើការគោរព និងការគាំទ្រគ្នាទៅវិញទៅមក។

ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិសិង្ហបុរី ដែលរៀបចំដោយ Singapore Club Cambodia និងមានការចូលរួមពីឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា មិត្តភាពយ៉ាងជិតស្និទ្ធរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមនាយករដ្ឋមន្ត្រី Lawrence Wong បានបន្តពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ។ មិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលមានឫសគល់រឹងមាំ ឈរលើការគោរពការយោគយល់ និងការគាំទ្រគ្នាទៅ វិញទៅមក និងបានឆ្លងកាត់ទាំងពេលវេលាលំបាកនិងដំណាក់កាលនៃការរីកចម្រើន។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗ ដែលបានទទួលស្គាល់សាធារណរដ្ឋសិង្ហបុរីនៅឆ្នាំ១៩៦៥ ខណៈសិង្ហបុរីក៏បានឈរជាមួយកម្ពុជា ក្នុងទសវត្សរ៍១៩៩០ នៅដំណាក់កាលដែលកម្ពុជាកំពុងស្តារ និងកសាងប្រទេសឡើងវិញ។ កម្ពុជា និងសិង្ហបុរី ក្នុងនាមជារដ្ឋតូចដែលមានបរិបទ និងបញ្ហាប្រឈមមួយចំនួនស្រដៀងគ្នា ក៏មានផលប្រយោជន៍រួមក្នុងការលើកកម្ពស់ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការគោរពកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី មិនមែនដោយកម្លាំង។ សិង្ហបុរី គឺជាគំរូដ៏គួរឱ្យចាប់អារម្មណ៍មួយនៃការមិនចុះចាញ់នឹងកាលៈទេសៈ។ កោះមួយដែលគ្មានប្រេង គ្មានដីកសិកម្ម និងមិនមានធនធានទឹក សាបគ្រប់គ្រាន់។ នៅឆ្នាំ១៩៦៥ គ្មានការធានាណាមួយថា សិង្ហបុរីនឹងអាចរស់រាន និងរីកចម្រើនបានឡើយ។ ប៉ុន្តែអ្វីដែលសិង្ហបុរីមាន គឺ វិន័យ ភាពស្មោះ ត្រង់ក្នុងការដឹកនាំ ការគោរពច្បាប់ ការវិនិយោគលើធនធាន មនុស្ស និងការមិន ព្រមទទួលយកថា ភូមិសាស្ត្រជាអ្នកកំណត់ជោគវាសនា។

រយៈពេល៦១ឆ្នាំ គឺជារយៈពេលដ៏ខ្លីមួយសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសមួយ។ ប៉ុន្តែ សិង្ហបុរីបានប្រើប្រាស់រយៈពេលនេះយ៉ាងមានប្រសិទ្ធភាព និងសម្រេចបាននូវការអភិវឌ្ឍគួរឱ្យកោតសរសើរ៕

ដោយ សួស សំរិត





