ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម នួន ផារ័ត្ន ទៅពិនិត្យការកាយក្រវ៉ាត់ព្រំដីរបស់រដ្ឋនៅឃុំបឹងល្វា ស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការីអមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំទៅត្រួតពិនិត្យការកាយក្រវ៉ាត់ព្រំដីដើម្បីការពារដីរបស់រដ្ឋ ដែលបានលួចកាប់ទន្ទ្រាននាពេលកន្លងទៅមិនឱ្យមានការកាប់ទន្ទ្រានជាថ្មី ងាយស្រួលក្នុងការគ្រប់គ្រងដីរបស់រដ្ឋ មិនឱ្យមានការបាត់បង់តទៅទៀត នៅតំបន់អូរដៃជ្រៃ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន និងប្រតិភូក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ធំបានជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តម តឹប ញាតា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងជាអនុប្រធានក្រុមការងារប្រចាំការ ដើម្បីគ្រប់គ្រងនិងដំណើរការបណ្ដាស្ថានីយ៍ផ្សព្វផ្សាយ និងដាំស្ដារព្រៃឈើឡើងវិញក្នុងខេត្តកំពង់ធំ នៅទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់អូរដៃជ្រៃ។
ឯកឧត្តម តឹប ញាតា បានឡើងធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការដាំស្ដារព្រៃឈើឡើងវិញ នៅតាមបណ្ដាស្ថានីយ៍ក្នុងខេត្តកំពង់ធំដែលគិតមកដល់បច្ចុប្បន្ននេះស្ថានីយ៍ផ្សព្វផ្សាយ និងដាំស្ដារព្រៃឈើឡើងវិញបានដាំដើមឈើក្រញូង ដើមធ្នង់ និងប្រភេទឈើព្រៃផ្សេងៗទៀតបានជាង១៥០០ហិកតារួចហើយក្នុងនោះព្រៃឈើមួយចំនួនបានដុះលូតលាស់ធំៗ ក្លាយជាព្រៃឈើធម្មជាតិដូចជានៅតំបន់អូរបឹងរូងដែលជាតំបន់ចំការព្រៃឈើក្រញូងជាដើម។ហើយបច្ចុប្បន្នកំពុងបន្តដាំស្ដារព្រៃឈើបន្ថែមទៀត នៅតំបន់អូរដៃជ្រៃឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំនៅលើដីរបស់រដ្ឋ។

ឯកឧត្តម នួន ផារ័ត្ន បានជួបសំណេះសំណាល និងណែនាំប្រជាពលរដ្ឋមួយចំនួននៅតំបន់អូរដៃជ្រៃដើម្បីឱ្យគាត់បានយល់ជ្រួតជ្រាបក្នុងការក្រវ៉ាត់ព្រំដី ក្នុងគោលបំណងគឺការពារដីរបស់រដ្ឋ កុំឱ្យមានការរំលោភបំពាននិងបន្តមានការបាត់បង់តទៅទៀតហើយនៅពេលខាងមុខនឹងធ្វើការវាយតម្លៃ គោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ។ ជាមួយនោះដែរនឹងមានគម្រោងដំណើរការដាំស្ដារព្រៃឈើ និងដាំដំណាំយុទ្ធសាស្ត្រយូរអង្វែងជាប្រយោជន៍របស់សង្គមជាតិយើងទាំងមូលនិងបានហាមដាច់ខាតមិនអនុញ្ញាតឱ្យមានជនណាម្នាក់លួចកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋបានទៀតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទរបស់ធនធានធម្មជាតិបានប្ដេជ្ញាចិត្តក្នុងការការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ និងបន្តប្តេជ្ញាចិត្តគោរពអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការការពារសម្បត្តិធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា





