រដ្ឋបាលស្រុកព្រៃនប់ត្រៀមរួចរាល់សម្រាប់សម្រួលដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
AKP ព្រះសីហនុ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា រដ្ឋបាលស្រុកបានត្រៀមរួចរាល់សម្រាប់ជួយសម្រួលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡងចំនួនពីរ ក្នុងស្រុកព្រៃនប់ នាសម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

លោកអភិបាលស្រុកព្រៃនប់បានបន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់ និងការណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់ការឧបត្ថម្ភគាំទ្រដល់បេក្ខជនប្រឡងសញ្ញាបតមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ដែលមកពីចម្ងាយមានដូចជា ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា ក្រុងកំពង់សោម និងបេក្ខជនមួយចំនួនមកពីស្រុកព្រៃនប់។ រដ្ឋបាលស្រុកព្រៃនប់ បានរៀបចំផ្តល់ជូនកន្លែងស្នាក់នៅចំនួន ២យប់ និងអាហារ ៦ពេល ដោយឥតគិតថ្លៃដើម្បីជួយសម្រួលដល់ការ ប្រឡងរបស់ក្មួយៗសិស្សានុសិស្សមកពីវិទ្យាល័យចំនួន ៦ រួមមាន៖ ១. វិទ្យាល័យ ហ៊ុន សែន វាលរេញ ២. វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន ស្ទឹងហាវ ៤. វិទ្យាល័យតេជោសែន បឹងតាព្រហ្ម ៥. វិទ្យាល័យ ទួលកែវ ៦. វិទ្យាល័យ ហ៊ុន សែន កំពង់សីលា ដែលត្រូវមកប្រឡងនៅមណ្ឌលប្រឡងចំនួន២ ក្នុងស្រុកព្រៃនប់៖ ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ
ស្រុកព្រៃនប់។

ទន្ទឹមនេះរដ្ឋបាលស្រុកក៏សូមជូនដំណឹង និងអំពាវនាវដូចជា៖ ១. អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមេត្តាបន្ថយល្បឿន និងបង្កើនការប្រុង ប្រយ័ត្នខ្ពស់ក្នុងការបើកបរ ឆ្លងកាត់តំបន់ជុំវិញមណ្ឌលប្រឡង ដើម្បីធានាសុវត្ថិភាព និងជៀសវាងការបង្ក សំឡេងរំខានដល់បេក្ខជន។ ២. សប្បុរសជន និងសាធារណជនប្រសិនបើមានបំណងចង់ចូលរួមជួយឧបត្ថម្ភដូចជាទឹកសុទ្ធ ភេសជ្ជៈ ឬសម្ភារផ្សេងៗជូនដល់បេក្ខជនប្រឡង និងក្រុមការងារ អាចទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរដ្ឋបាលស្រុកព្រៃនប់។
រដ្ឋបាលស្រុកព្រៃនប់ សូមជូនពរដល់បេក្ខជនទាំងអស់ទទួលបានសុខ ភាពល្អ និងប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា៕


ដោយ ងូ សុមុនី





