គណ:កម្មការទន្លេមេគង្គចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍ទឹកពិភពលោកឆ្នាំ២០២៦ នៅប្រទេសស៊ុយអែត
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- តំណាងមកពីប្រទេសសមាជិកគណ:កម្មការទន្លេមេគង្គ (MRC) និងលេខាធិការដ្ឋាន MRC បានចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍ទឹកពិភពលោក ឆ្នាំ២០២៦ នៅទីក្រុងស្តុកហូម ប្រទេសស៊ុយអែត ដោយបាននាំយកបទពិសោធន៍ និងទស្សនៈពីតំបន់ទន្លេមេគង្គទៅកាន់វេទិកាពិភាក្សាជាសកល ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទឹកឆ្លងដែន ភាពធន់ និងការគ្រប់គ្រងអាងទន្លេប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការឱ្យដឹងពី MRC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

ចំណុចសំខាន់មួយ គឺការចូលរួមរបស់នាយកប្រតិបត្តិ (CEO) លោកស្រី Busadee នៅក្នុងកិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំ (Leaders’ Table) ក្រោមប្រធានបទ «ស្ថាប័នគ្រប់គ្រងអាងទន្លេដែលមានភាពធន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងស្ថាប័ន»។ នៅក្នុងឱកាសនោះ លោកស្រីបានចែករំលែកបទពិសោធន៍របស់គណៈកម្មការទន្លេមេគង្គ (MRC) ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សម្ពាធដែលកើនឡើងលើប្រព័ន្ធទន្លេ និងភាពស្មុគស្មាញកាន់តែខ្លាំងឡើងនៃការគ្រប់គ្រងធនធានទឹកឆ្លងដែន។ លោកស្រីក៏បានគូសបញ្ជាក់ផងដែរអំពីការវិវត្តនៃតួនាទីរបស់ MRC ក្នុងការប្រែក្លាយទិន្នន័យ ចំណេះដឹង និងការវិភាគដែលបានចែករំលែកនោះ ទៅជាសកម្មភាពដែលមានការសម្របសម្រួលទាន់ពេលវេលា និងផ្តល់លទ្ធផលជាក់ស្តែងជូនដល់សហគមន៍នានាក្នុងអាងទន្លេ។

លេខាធិការដ្ឋាន MRC និងប្រទេសសមាជិក ក៏បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍រវាង MRC និងគំនិតផ្តួចផ្តើមអាងទន្លេនីល (Nile Basin Initiative) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទឹកឆ្លងដែន ដោយបានចែករំលែកបទពិសោធន៍ថ្នាក់ជាតិពាក់ព័ន្ធនឹងប្រព័ន្ធអេកូឡូស៊ីតំបន់ទំនាបលិចទឹក វិស័យជលផល និងជីវភាពរស់នៅ ថាមពលវារីអគ្គិសនី និងប្រតិបត្តិការទំនប់ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន ព្រមទាំងបញ្ហាគ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ។

សកម្មភាពទាំងនេះបានពង្រឹងឱកាសសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការកសាងភាពជាដៃគូ ព្រមទាំងបាននាំយកសំឡេង និងបទពិសោធន៍ជាក់ស្តែងពីតំបន់ទន្លេមេគង្គទៅកាន់វេទិកាពិភាក្សាសកល ស្តីពីវិស័យទឹក៕

ដោយ៖ ណយ នឿន (ប្រភព៖ គណ:កម្មការទន្លេមេគង្គ)





