លោកជំទាវ វ៉ាន់ ចាន់ថូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នកម្មស្តីពីការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៃក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នកម្មស្តីពីការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ជាមួយគណៈអភិបាលខេត្ត អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នកម្មការងារអនុវត្តគម្រោង (IWRM) នៅខេត្តពោធិ៍សាត់ រួមមាន៖ សំណង់ស្ទាក់ស្ទឹងក្បាលហុង ការរចនា និងធ្វើទំនើបកម្មប្រឡាយមេទី១ (MC-1) និងទី២ (MC-2) ការកែលម្អបណ្តាញជលសាស្ត្រ-ឧតុនិយម ការអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតដោយស្វ័យប្រវត្តិ និងប្រព័ន្ធជូនដំណឹងជាមុន ដើម្បីឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបង្កើត និងពង្រឹងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក ប្រកបដោយចីរភាព។

លោកជំទាវអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា គម្រោង IWRM មានវិសាលភាពគ្រប់ជ្រុងជ្រោយ ដោយមិនត្រឹមតែផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងការគ្រប់គ្រងអាងទន្លេ ប្រព័ន្ធទិន្នន័យ ការព្យាករ ការការពារគ្រោះទឹកជំនន់-រាំងស្ងួត ការជំរុញការចូលរួមរបស់កសិករ និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។

ភាពជោគជ័យនៃគម្រោងនេះ គឺអាស្រ័យលើកិច្ចសហការជិតស្និទ្ធរវាងអង្គភាពអនុវត្តគម្រោង រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ផងដែរ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





