បទវិចារណកថា៖ កម្ពុជានាំយកបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃទៅក្នុងក្របខ័ណ្ឌអន្តរជាតិ គឺជាយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យ និងផ្អែកលើច្បាប់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦— កម្ពុជា និងថៃ មានព្រំដែនគោកជាប់គ្នាប្រមាណជាង ៨០០ គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង។

ក្រៅពីព្រំដែនគោក ប្រទេសទាំងពីរក៏មានតំបន់ដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area – OCA) ដែលជាប្រភពនៃការចរចា និងការដោះស្រាយជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ស្ថានការណ៍បានឈានដល់ដំណាក់កាលថ្មី បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។
ការសម្រេចរបស់ថៃនេះ បានបង្កឱ្យមានការសោកស្តាយពីភាគីកម្ពុជា ព្រោះអនុស្សរណៈឆ្នាំ២០០១ ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ គឺជាក្របខណ្ឌទ្វេភាគី និងជាយន្តការច្បាប់ដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី។ ទោះជាយ៉ាងណា ថៃនៅតែសម្រេចដកខ្លួនចេញពីក្របខណ្ឌនេះ។
នៅក្នុងបរិបទនេះ កម្ពុជាបានជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីបន្តដំណើរការដោះស្រាយវិវាទតាមផ្លូវច្បាប់អន្តរជាតិ។
UNCLOS ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៨២ ត្រូវបានគេស្គាល់ថាជា «រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ» ព្រោះវាបានកំណត់ក្របខណ្ឌច្បាប់សម្រាប់ការបែងចែកដែនសមុទ្រ ការគ្រប់គ្រងធនធានធម្មជាតិ ការធានាសេរីភាពនាវាចរណ៍ និងការដោះស្រាយវិវាទសមុទ្រដោយសន្តិវិធី។ អនុសញ្ញានេះក៏បានកំណត់ច្បាស់អំពីដែនទឹកអធិបតេយ្យ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងសិទ្ធិ-កាតព្វកិច្ចរបស់រដ្ឋនានាលើដែនសមុទ្រ។
យន្តការផ្សះផ្សារដោយបង្ខំនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសបន្ទាប់ពីថៃបានដកខ្លួនចេញពីក្របខណ្ឌចរចាទ្វេភាគី។ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់រាជរដ្ឋាភិបាលថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនេះតាមនីតិវិធីរបស់ UNCLOS។
សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនលើដែនសមុទ្រ ព្រមទាំងបញ្ជាក់ពីការគោរពនីតិរដ្ឋ និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។
ពីទស្សនៈយុទ្ធសាស្ត្រ ការនាំយកបញ្ហានេះចូលទៅក្នុងក្របខណ្ឌអន្តរជាតិ អាចចាត់ទុកថាជាជម្រើសមួយដែលមានការគិតគូរយ៉ាងម៉ត់ចត់ ដែលជំនួសឱ្យការទុកឱ្យវិវាទអូសបន្លាយដោយគ្មានក្របខណ្ឌច្បាស់លាស់ កម្ពុជាបានជ្រើសរើសប្រើប្រាស់យន្តការដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងមានមូលដ្ឋានផ្អែកលើច្បាប់។
ដើម្បីគាំទ្រដល់ដំណើរការនេះ កម្ពុជាបានជ្រើសរើសអ្នកជំនាញច្បាប់អន្តរជាតិចំនួនពីររូប គឺលោក Peter Taksoe-Jensen អ្នកការទូត និងអ្នកជំនាញច្បាប់អន្តរជាតិជាន់ខ្ពស់របស់ប្រទេសដាណឺម៉ាក និងលោកសាស្ត្រាចារ្យ Jean-Marc Thouvenin អគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ។ ការជ្រើសរើសបុគ្គលដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ បង្ហាញពីការត្រៀមខ្លួនយ៉ាងហ្មត់ចត់របស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ថា៖ «កម្ពុជាកំពុងនាំយកការចរចាលើបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ ទៅក្នុងក្របខ័ណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ»។
ប្រសិនបើយន្តការនេះអាចដំណើរការទៅដោយជោគជ័យ ភាគីទាំងពីរអាចទទួលបានដំណោះស្រាយមួយដែលមានលក្ខណៈយុត្តិធម៌ ប្រកបដោយនិរន្តរភាព និងស្របតាមច្បាប់អន្តរជាតិ។ លើសពីនេះ វាក៏អាចរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។
ទន្ទឹមនឹងបញ្ហាដែនសមុទ្រ កម្ពុជាក៏បានបន្តដំណើរការតាមផ្លូវច្បាប់អន្តរជាតិលើបញ្ហាព្រំដែនដីគោក ដែលពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមរយៈការបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងចីរភាព។
ជារួម ការជ្រើសរើសយន្តការច្បាប់អន្តរជាតិទាំងលើបញ្ហាដែនសមុទ្រ និងព្រំដែនដីគោក បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិ បូរណភាពទឹកដី និងរក្សាសុខសន្តិភាពតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមគោលការណ៍ច្បាប់អន្តរជាតិ នៅគ្រប់កាលៈទេសៈទាំងអស់។
ក្នុងនាមជាប្រជាពលរដ្ឋ ការរក្សាសាមគ្គីភាពជាតិ និងការគាំទ្រដល់ដំណើរការដោះស្រាយវិវាទដោយសន្តិវិធី គឺជាកត្តាសំខាន់មួយដែលអាចជួយពង្រឹងជំហររបស់កម្ពុជាលើឆាកអន្តរជាតិ។ ដូចសុភាសិតខ្មែរបានពោលថា៖ «ចង្កឹះមួយកាច់បាក់ ចង្កឹះមួយបាច់កាច់មិនបាក់ឡើយ»។
AKP





