សម្ដេច ម៉ែន សំអន ស្នើឱ្យអាជ្ញាធរខេត្ដស្វាយរៀង បង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងត្រូវដើរទន្ទឹមបង្ក្រាបសម្អាត មន្ត្រីដែលជាប់ពាក់ព័ន្ធផង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ -- សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា៖ ខ្ញុំបានស្នើឱ្យអាជ្ញាធរខេត្ដស្វាយរៀង ចូលរូមបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវដើរទន្ទឹមបង្ក្រាបសម្អាត មន្ត្រីដែលជាប់ពាក់ព័ន្ធផង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានស្នើបែបនេះខណៈសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្ត ទុកដាក់ទ្វេរដង ក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ ធ្វើឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនលើគ្រប់វិស័យ និងនៅតែជាខេត្តមួយរឹងមាំជានិច្ច។

ជាមួយគ្នានេះ សម្ដេច ម៉ែន សំអន បានស្នើដល់អង្គប្រជុំ យកចិត្តទុកដាក់ជាអាទិភាពលើការងារមួយចំនួនបន្ថែមទៀត ដូចខាងក្រោម ៖
១-មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវរួមសហការគ្នាខិតខំអនុវត្តនិងសម្រេចបានតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំង១២ចំណុចរបស់សម្តេចតេជោ ប្រធានគណប ក្ស ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
២-បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(អនឡាញស្គម) ដែលត្រូវដើរទន្ទឹមនឹងការបោសសម្អាត និងបង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធ។ ការងារនេះ អាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យទាល់តែអស់ជាដាច់ខាត ព្រោះនេះជាមុខមាត់ របស់ប្រទេសជាតិ។
៣- ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្ស អង្គការមហាជនគណបក្ស និងមន្ត្រីគណបក្ស ពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនានៅក្នុងមូលដ្ឋានឃុំ សង្កាត់ ដែលខ្លួនទទួល ខុសត្រូវ ដោយមានកម្មវិធីច្បាស់លាស់សម្រាប់ចុះផ្ទាល់ជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗ ក្រុម និងតាមខ្នងផ្ទះ ដើម្បីពង្រឹងជំនឿលើគណបក្ស ពង្រឹងការគាំទ្រគណបក្ស និងទៅបោះឆ្នោតជូនគណបក្ស ។
៤- បន្តជំរុញការកសាងកម្លាំងពិតរបស់គណបក្សទាំងខាងបរិមាណ និងគុណភាព។
៥- យោងតាមស្មារតីនៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, ក្រុមការ ងារនិងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ត្រូវពិនិត្យកែសម្រួល (ឬចាត់តាំងជាថ្មីឡើងវិញ) នូវគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គ្រប់ថ្នាក់ ឱ្យបានសមស្របជាមួយនឹងសភាពការណ៍ជាក់ស្តែង និងឱ្យបានរួចរាល់នៅត្រឹមបំណាច់ ឆ្នាំ២០២៦។
៦- ក្រុបការងារនិងគណៈកម្មាធិការគណបក្សក្រុង ស្រុក ត្រូវបន្តជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់ គណៈកម្មាធិការគណបក្សឃុំ សង្កាត់នីមួយៗក្នុងការរៀបចំសេចក្តីព្រាងឯកសារសំខាន់២ ឱ្យបាន មុនសន្និបាតគណបក្សឃុំ សង្កាត់ រួមមាន៖ ១) របាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហា ប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧និង២).គោល នយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣២។
៧- អំពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជាការងារសំខាន់ ទោះបីប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធ សមាមាត្រក៏ពិតមែន ប៉ុន្តែអ្នកបោះឆ្នោតគាត់ពិនិត្យពិចារណា ថាតើបេក្ខជនណាខ្លះដែលគាត់ទុក ចិត្តជាងគេ និងជាអ្នកបម្រើប្រជាជននៅមូលដ្ឋាន។
៨- ក្រុមការងារនិងគណបក្សគ្រប់ថ្នាក់ ត្រូវត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ ឱ្យបានរួចរាល់ យ៉ាងយូរត្រឹមសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៧ តាមការណែនាំក្នុងផែនការសកម្មភាពរបស់គណបក្សខេត្ត។ ៩-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ជាខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា,យោងតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាល, ឆ្នាំនេះគ្រប់ថ្នាក់មិនចាំបាច់រៀបចំពិធីមិទ្ទិញអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សឡើយ ៕

ដោយ សួស សំរិត





