កម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនទេសចរជនជាតិរុស្ស៊ី លើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ -- គណៈប្រតិភូទេសចរជនជាតិរុស្ស៊ីដែលសុទ្ឋតែតំណាងក្រុមហ៊ុនទេសចរធំៗ បានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្ដាហ៍នេះ ហើយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ក្រុមភ្ញៀវទេសចររុស្ស៊ី នេះ ដែលរួមមានទាំងក្រុម Influencer ល្បីៗផងនោះ បានធ្វើឡើងក្រោមការសម្របសម្រួលដោយ លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និង ជាប្រធាន Brice House ប្រចាំនៅកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុនទេសចរណ៍ AVB Holiday Adventure សហការជាមួយ លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការ ក្រុមហ៊ុន KJET Group ដែលជាក្រុមហ៊ុនផ្តល់សេវាយន្តហោះ Private Jet ឈានមុខមួយនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នាង ម៉ៅ បានមានប្រសាសន៍ថា ការមកដល់របស់ភ្ញៀវទេសចរជនជាតិរុស្ស៊ីក្រុមដំបូងនេះ គឺជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា និងបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងការគាំទ្រ ចំពោះកិច្ចសហការរវាងវិស័យឯកជន និងក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី និងអន្តរជាតិ ដោយចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានបន្ថែមថា ដំណើរលើកដំបូងនេះ ត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសក្នុងវិស័យទេសចរណ៍ វិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។ ក្រុមទេសចររុស្ស៊ីបានចាប់ផ្តើមងាកមកស្គាល់ និងចាប់អារម្មណ៍លើប្រទេសកម្ពុជា បន្ទាប់ពីដំណើរទេសចរណ៍របស់ពួកគេ នៅប្រទេសវៀតណាម និងថៃ។
សូមជម្រាបជូនថា លទ្ធផលវិជ្ជមាននេះ បានកើតមានឡើងបន្ទាប់ពីជំនួបផ្លូវការមួយរវាង លោក Vladimir Palancica និង លោកស្រី ខែក ខេមរ៉ាត់ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីដើមឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក Vladimir Palancica ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យទេសចរណ៍អន្តរជាតិ បានឱ្យដឹងថា កម្ពុជា មានសក្តានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍ដ៏សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត សុវត្ថិភាព និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ លោកបានបន្ដថា ភ្ញៀវទេសចររុស្ស៊ី ត្រូវបានចាត់ទុកថាជាក្រុមទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ និងចូលចិត្តសេវាកម្មប្រកបដោយគុណភាពខ្ពស់ ដូចជា ទេសចរណ៍សុខភាព ស្ប៉ា រមណីយដ្ឋានឆ្នេរសមុទ្រ ការស្នាក់នៅរយៈពេលវែង និងការធ្វើដំណើរបែប Private & Luxury Tourism។

បើតាមលោក Vladimir Palancica ជាមធ្យម ពួកគេធ្វើដំណើររយៈពេលពី ៥ ទៅ ៧ថ្ងៃ ហើយមួយចំនួនអាចស្នាក់នៅរហូតដល់ ១ខែ ទៅ ២ខែ អាចជួយជំរុញប្រាក់ចំណូលចូលក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន ការដឹកជញ្ជូន សិប្បកម្មក្នុងស្រុក និងអាជីវកម្មទេសចរណ៍ផ្សេងៗជាច្រើន។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់ការពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ តាមរយៈគោលនយោបាយបើកចំហ ការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។ កម្ពុជា ក៏កំពុងផ្តោតលើការផ្សព្វផ្សាយទេសចរណ៍គុណភាពខ្ពស់ និងការទាក់ទាញភ្ញៀវទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ពីទីផ្សារថ្មីៗ រួមទាំងប្រទេសរុស្ស៊ីផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន KJET Group និង លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន AVB Holiday Adventure បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមស្វាគមន៍ដំណើរលើកដំបូងរបស់ភ្ញៀវទេសចររុស្ស៊ី ជាមួយក្រុមហ៊ុនទាំងពីរ នៅលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក្រុមហ៊ុនទាំងពីរ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តសហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី និងអន្តរជាតិ ឱ្យកាន់តែទូលំទូលាយនាពេលអនាគត៕
ដោយ៖ រិទ្ធី





