លោកសាយ គឹមឡម÷ការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន
AKP កំពង់ធំ ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៦ -- លោកសាយ គឹមឡមអភិបាលស្រុកនិងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិន៍ជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារអតីតយុទ្ធជន១គ្រួសារ នៅក្នុង ភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានបញ្ជាក់ថា ជានិច្ចជាកាល សម្ដេចតេជោ ហ៊ុន សែនប្រធានសមាគម អតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាតែងតែឧបត្ថម្ភនូថវិកាបេឡាមរណៈសង្គ្រោះ ដែលជាការតបស្នងសងគុណ មិនអាចកាត់ថ្លៃបានដល់អតីតយុទ្ធជននិងនិវត្តជនគ្រប់រូបព្រមទាំងក្រុមគ្រួសារដែលបានលះបង់និងពលីសព្វបែបយ៉ាងទាំងសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ សុខសន្តិភាព ការពារបូរណភាពទឹកដីសុវណ្ណភូមិនៃយើងពីសង្គ្រាមឈ្លានពាន ក៏ដូចជាអសន្តិសុខណាមួយ ឱ្យមានសុវត្ថិភាពបំផុត។

ជាមួយគ្នានេះលោក សាយ គឹមឡម បានជម្រាបអំពីបច្ចុប្បន្នភាព នៃការឈ្លានពាន និងបង្អអរិភាពរបស់ប្រទេសថៃមកលើព្រះរាជាណាចក្រកម្ពុជានិងបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវមានការជឿជាក់ខ្ពស់បំផុតលើប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយប្រើប្រាស់គ្រប់មធ្យោបាយ ទាំងផ្លូវច្បាប់និងការទូត ដើម្បីធានានូវសុខសន្តិភាពជាពិសេសបូរណភាពទឹកដី នៃយើងមិនឱ្យបាត់បង់ទៅសត្រូវណាមួយឡើយ ហើយត្រូវបន្តពហិកាទំនិញរបស់ប្រទេសសៀមឱ្យបានជាដាច់ខាត។

លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំម្សាក្រង និងឃុំកំពង់ចិនជើង ត្រូវពិនិត្យតាមដាន យកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាព ជីវភាពអតីតយុទ្ធជននិងក្រុមគ្រួសារ ព្រមទាំងពលរដ្ឋទូទៅ ឱ្យបានហ្មត់ចត់បំផុតចំពោះពុកម៉ែបងប្អូនដែលងាយរកហានិភ័យ ហើយត្រូវធ្វើរបាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ទៅរដ្ឋបាលស្រុកស្ទោង ក្នុងករណីចាំបាច់បំផុត ដើម្បីធានានូវការជួយសង្គ្រោះក្នុងស្ថានភាពណាមួយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គ្រួសារដែលទទួលបានថវិកាបេឡាមរណៈសង្គ្រោះនៅក្នុងឱកាសនេះគឺអតីតយុទ្ធជនពិការឈ្មោះ ជួន សំបុក ភេទប្រុសរស់នៅភូមិសំបួរ ឃុំពពកស្រុកស្ទោងខេត្តកំពង់ធំមរណភាព កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះបានទទួលថវិកាមរណៈសង្គ្រោះចំនួន៤លានរៀល៕
ដោយ ស៊ុម វណ្ណា





