រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន៖ ក្រសួងគ្រោងនឹងបង្កើតប្រព័ន្ធ Sensor បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញដើម្បីគ្រប់គ្រងការបើកបរលើសល្បឿនកំណត់
AKP កណ្ដាល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងគ្រោងនឹងបង្កើតប្រព័ន្ធ ស៊ិនស័រ(Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ដែលអាចនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនេះកុំឱ្យបើកបរលើសល្បឿនកំណត់។ ឯកឧត្តម រដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា៖ «យើងនឹងរៀបចំប្រព័ន្ធ Sensor មួយបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជា រថយន្តដឹកទំនិញ ពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុន នឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់»។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើនឹងដាក់ដំណើរការ ប្រព័ន្ធគ្រប់គ្រងដោយ Sensor នៅពេលណា? ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយដោយឯកឧត្តមបានបញ្ជាក់ថា៖ «ឥឡូវយើងកំពុងតែពិនិត្យមើលបច្ចេកវិទ្យា ពីព្រោះយើងដឹងហើយថា មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាម៉េរិក មានទាំងអឺរ៉ុប តើបច្ចេកវិទ្យាមួយណាដែលយើងអាចប្រើប្រាស់ទៅសមស្របជាមួយនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់យើងផងដែរ។ សង្ឃឹមថា មិនយូរទេ យើងនឹងជំរុញកិច្ចការនេះឱ្យបានលឿន ដោយសារយើងត្រូវមានប្រព័ន្ធគ្រប់គ្រងមួយដែរបាទ ជូនទៅដល់ក្រុមហ៊ុន អីចឹងការសិក្សានេះអាចរុញឱ្យបានលឿន បាទ ក្នុងពេលឆាប់ៗនេះ»។

ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ក្រសួងនឹងសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលដែលនឹងធ្វើនៅក្រសួងផ្ទាល់តែម្ដង ដែលគ្រប់ក្រុមហ៊ុនដែលបើកមុខរបរប្រកបអាជីវកម្មទាំងអស់អាចមករៀន មកបណ្ដុះបណ្ដាលពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយវិធានការនេះ ក្រសួងសង្ឃឹមថា នឹងអាចឱ្យបងប្អូនប្រជាពលរដ្ឋយល់ច្បាស់ពីការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

ឯកឧត្តម រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលបានចូលរួមនាព្រឹកនេះដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ការចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងការរៀបចំកន្លែងបើកបរម៉ូតូសាកល្បងដូចពេលប្រឡងមែនទែន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើដំណើរនៅតាមដងផ្លូវឱ្យមានសុវត្ថិភាព។
ជាមួយគ្នានេះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានកំណើនតិចតួច បើប្រៀបឆ្នាំកន្លងទៅ ខណៈអាត្រាស្លាប់មានកំណើនប្រមាណ១០ភាគរយ របួសមានកំណើនជាង១០០នាក់។ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានអះអាងថា កំណើននេះ ដោយសារថ្មីៗនេះ មានគ្រោះថ្នាក់រថយន្តដឹកកម្មករ បើករណីនៅក្នុងឧសភា មានរបួសរហូតដល់ជាង១០០នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដែលមានអ្នកស្លាប់រហូតដល់១៤នាក់៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ រិទ្ធី





