អភិបាលស្រុកស្ទោង÷ បេក្ខសាមណៈសិស្សទាំងអស់ត្រូវខិតខំស្វាធ្យាយសិក្សារៀនសូត្រទាំងផ្លូវលោក ផ្លូវធម៌ដើម្បីព្រះពុទ្ធសាសនារុងរឿងនិងជោគវាសនាអនាគតខ្លួនឯង
AKPកំពង់ធំថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៦ -- លោកសាយ គឹមឡមអភិបាលស្រុកស្ទោង បានបិណ្ឌបាត្រដល់បេក្ខសាមណៈសិស្សទាំងអស់ត្រូវខិតខំស្វាធ្យាយសិក្សារៀនសូត្រទាំងផ្លូវលោក ផ្លូវធម៌ដើម្បីព្រះពុទ្ធសាសនារុងរឿង និងជោគវាសនាអនាគតខ្លួនឯង។លោកអភិបាលស្រុកបានធ្វើការបិណ្ឌបាត្រនេះនៅក្នុងពិធីជួបសំណេះសំណាល និងកាត់វិញ្ញាសា ជាមួយបេក្ខសាមណៈសិស្ស បេក្ខជនគណៈមេប្រយោគ អនុរក្សនិងព្រះមន្ត្រីសង្ឃ នៃសាលាអនុគណស្រុកស្ទោង ក្នុងការត្រៀមប្រឡងសញ្ញាបត្រថ្នាក់ត្រីទោ ឯកនៅមណ្ឌលប្រឡង ស្រុកស្ទោងខេត្តកំពង់ធំសម័យប្រឡងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលវត្តឃ្លាំងខ្មូត។

បេក្ខសាមណៈសិស្ស និងបេក្ខជនទាំងអស់ ត្រូវគោរពនូវសេចក្តីថ្លៃថ្នូនិងបញ្ជាផ្ទៃក្នុង របៀបរៀបរយ វិន័យការប្រឡង ជាពិសេសត្រូវ ស្ដាប់ និងអនុវត្តតាមការណែនាំរបស់អនុរក្សផ្ទាល់ឱ្យបានខ្ជាប់ខ្ជួនបំផុតដើម្បីឱ្យដំណើរការប្រឡងឆ្នាំនេះប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ទន្ទឹមនឹងនេះលោក សាយ គឹមឡមបានបិណ្ឌបាត្រសាមណៈបេក្ខជន សាមណៈសិស្សគ្រប់អង្គសូមប្រើប្រាស់ទូរស័ព្ទឱ្យបានត្រឹមត្រូវតាមកាលវេលា និងមានប្រយោជន៍ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ពិសេសជាឧបករណ៍ឬបណ្ដាញសិក្សាស្រាវជាវមេរៀនទាំងផ្លូវលោក និងផ្លូវធម៌ដែលមាននៅក្នុងប្រព័ន្ធបណ្ដាញផ្សេងៗ youtube ជាដើម។

ឆ្លៀតក្នុងឱកាសនេះ លោកសាយ គឹមឡមអភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនិង លោកជំទាវ ជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានឧបត្ថម្ភគាំទ្រនិងប្រគេនបច្ច័យដល់សាមណៈសិស្ស មេប្រយោគអនុរក្ស ប្រមាណជាង៤០០អង្គ/នាក់ ដែលក្នុង១អង្គទទួលបាននូវបច្ច័យចំនួន ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភគាំទ្រចង្ហាន់នៃកម្មវិធីប្រឡងនេះ នៅទឹកប្រាក់ចំនួន១លានរៀលថែមទៀត ។
សូមបញ្ជាក់ថា នៅមណ្ឌលប្រឡងវត្តឃ្លាំងខ្មូត ស្រុកស្ទោងខេត្តកំពង់ធំមាន១៨បន្ទប់ ថ្នាក់ត្រី១០បន្ទប់ ថ្នាក់ទោ០៦បន្ទប់និងថ្នាក់ឯក២បន្ទប់៕

ដោយ៖ ស៊ុម វណ្ណា





