ទឹកចិត្ត១ម៉ឺនរៀល សង្គ្រោះជីវិតកុមារ! ឯកឧត្តម អ៊ុំ រាត្រី បំផុសស្មារតី «ខ្មែរជួយខ្មែរ» ក្នុងយុទ្ធនាការជិះកង់ដ៏គគ្រឹកគគ្រេងនៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ -- ក្រោមពន្លឺថ្ងៃអាទិត្យដ៏ស្រស់ថ្លា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ផ្លូវថ្នល់ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានប្រែក្លាយជាចរន្តនៃក្ដីមេត្តាធម៌ ខណៈដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាជិះកង់ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ។

ក្នុងបរិយាកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ដោយក្តីរំភើបចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ពីតម្លៃនៃយុទ្ធនាការនេះថា មិនមែនគ្រាន់តែជាការជិះកង់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវ «សាមគ្គីភាពជាតិ» ដ៏រឹងមាំ។
ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ពីអត្ថន័យនៃថវិកា ១ម៉ឺនរៀលថា«ថវិកា ១ម៉ឺនរៀលរបស់បងប្អូនម្នាក់ៗ មើលទៅហាក់ដូចជាចំនួនតិចតួច ប៉ុន្តែនៅពេលដែលយើងរួបរួមគ្នាជាធ្លុងមួយ វានឹងក្លាយជាចរន្តថវិកាដ៏មហាសាលដែលមិនអាចខ្វះបាន។ នេះគឺជាការឆ្លុះបញ្ចាំងពីស្មារតី "ខ្មែរជួយខ្មែរ" ក្នុងនាមជាឈាមជ័រតែមួយ ដែលយើងរួមគ្នាការពារ និងសង្គ្រោះជីវិតកុមារកម្ពុជាឱ្យរួចផុតពីជម្ងឺដង្កាត់»។

ឯកឧត្តមបន្តទៀតថា កុមារគឺជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិ។ ការរក្សាដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺការធានាថាកូនចៅប្រជាពលរដ្ឋគ្រប់រូប ទទួលបានសិទ្ធិក្នុងការព្យាបាលប្រកបដោយគុណភាព និងដោយឥតគិតថ្លៃ។ យុទ្ធនាការនេះមិនត្រឹមតែទទួលបានការគាំទ្រពីថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការឆ្លើយតបយ៉ាងគគ្រឹកគ្រេងពីមហាជន។ លោក សុខ វិសាល អាយុ ៣៥ឆ្នាំ ដែលបាននាំកូនតូចៗចូលរួមជិះកង់ បានសម្តែងអារម្មណ៍ថា «ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចូលរួមកម្មវិធីនេះ។ ១ម៉ឺនរៀលសម្រាប់ខ្ញុំ ប្រហែលជាមិនច្រើនទេ ប៉ុន្តែប្រសិនបើខ្ញុំ និងបងប្អូនដទៃទៀតនាំគ្នាចូលរួមគ្រប់ៗគ្នា នោះវានឹងក្លាយជាការផ្ដល់ជីវិតថ្មីដល់កុមារជាច្រើនទៀតដែលកំពុងសម្រាកព្យាបាលនៅគន្ធបុប្ផា»។

កញ្ញា ម៉េង លី សិស្សសាលាមួយរូបដែលចូលរួមជិះកង់ដែរនោះ បានរៀបរាប់ថា «ថ្ងៃនេះសប្បាយរីករាយណាស់! ក្រៅពីបានហាត់ប្រាណ ក៏បានចូលរួមធ្វើបុណ្យជាមួយមិត្តភក្តិ ក្នុងឱកាសទិវាកុមារអន្តរជាតិ។ ខ្ញុំចង់ឃើញយុទ្ធនាការបែបនេះកើតមានជាញឹកញាប់ ដើម្បីឱ្យសិស្សានុសិស្សដូចពួកយើងចេះចែករំលែក និងស្រឡាញ់គ្នា»។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាផ្នែកមួយនៃការបំផុសចលនាឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តបន្ទាយមានជ័យ ដើម្បីធានាថា មន្ទីរពេទ្យគន្ធបុប្ផានឹងបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនដោយរលូន។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ បន្តការចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជាជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ព្រឹត្តិការណ៍នៅព្រឹកនេះ បានបញ្ចប់ទៅដោយភាពស្និទ្ធស្នាល និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយបន្សល់ទុកនូវស្នាមញញឹម និងក្ដីសង្ឃឹមជូនដល់កុមារកម្ពុជាទូទាំងប្រទេស៕
ដោយ ឈុន សារ៉ាត





