សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលរាជធានី ខេត្តរៀបចំកន្លែងសម្រាប់ហាត់ប្រាណសាធារណៈឱ្យបានល្អ
AKP ភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យរដ្ឋបាលរាជធានីខេត្ត រៀបចំកន្លែងសម្រាប់ហាត់ប្រាណសាធារណៈឱ្យបានល្អ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងការហាត់ប្រាណថែរក្សាសុខភាព ខណៈដែលរាជធានី ខេត្តមួយចំនួនបានរៀបចំរួចមកហើយ។ ការជំរុញរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រដល់គ្រូអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយដល់គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការហាត់ប្រាណធ្វើឱ្យបែកញើស បញ្ចេញជាតិពុល គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋយើង កាត់បន្ថយការឈឺថ្កាត់ ដោយសម្តេចបានគូសបញ្ជាក់ថាការឈឺថ្កាត់នេះគឺជាបន្ទុកធ្ងន់ណាស់សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ ដែលត្រូវចាយលុយទៅលើថ្នាំ ចាយលុយទៅលើការថែទាំសុខភាព តែបើយើងលេងកីឡា ឬហាត់ប្រាណគឺអាចជួយសុខភាពបានច្រើន។ សម្តេចធិបតីក៏សូមលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីខេត្តកសាងឱ្យបានច្រើននូវកន្លែងហាត់ប្រាណសាធារណៈឱ្យបានល្អ និងសូមលើកទឹកប្រជាពលរដ្ឋចូលរួមធ្វើការហាត់ប្រាណដើម្បីសុខភាព ចៀសវាងនូវជំងឺមួយចំនួនដែលយើងអាចចៀសវាងបានតាមរយៈការហាត់ប្រាណ ឬការលេងកីឡា។

ក្នុងន័យជំរុញការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡាឱ្យពង្រឹងកិច្ចសហការជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីជំរុញការអនុវត្តយុទ្ធនាការយុវជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត តាមរយៈការលើកទឹកចិត្តប្រជាជនទាំងបុរស និងស្ត្រីឱ្យចូលរួមក្នុងសកម្មភាពកីឡា ការបំផុសសកម្មភាពកីឡាគ្រប់ប្រភេទ ការពង្រឹងមុខវិជ្ជាអប់រំកាយ និងកីឡានៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ការអភិវឌ្ឍការងារអប់រំកាយ និងកីឡាក្នុងចំណោមសិស្ស និស្សិត និងសាធារណជន ។ ទន្ទឹមនេះ ការពង្រឹង និងពង្រីកការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំកាយ និងកីឡា និងការជ្រើសរើសកីឡាករឆ្នើមជាតំណាងជាតិ តំណាងអង្គភាព និងតំណាងគ្រឹស្ថានសិក្សាប្រកបដោយតម្លាភាព៕
ដោយ៖ ចាន់ សុភឿន





