ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន នឹងអញ្ជើញបើកការប្រកួត កីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ នាល្ងាចថ្ងៃទី០៦ ខែមិថុនា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» នាវេលាម៉ោង ៥:០០ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាការគូសបញ្ជាក់របស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក ហួត សេងទ្រី បានលើកបង្ហាញកម្មវិធីបើកជាផ្លូវការ ដោយក្នុងនោះមានកម្មវិធីសំខាន់ៗមួយចំនួន ដូចជា ទស្សនាការសម្តែងអបអរសាទរពិធីបើកការប្រកួត ការសម្តែងតួត្លុក និងសិល្បៈសៀក ការសម្តែងចលនាកាយសមស្របទាំង៣២ ការសម្តែងកីឡារាំ ការសម្តែងកីឡាគុនល្បុក្កតោ ក្បួនព្យុហយាត្រាប្រតិភូកីឡាឧត្តមសិក្សា មធ្យមសិក្សាបច្ចេកទេស ក្បួនដង្ហែរទង់ជាតិ និងទង់កីឡាឧត្តមសិក្សា គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរជនកងទ័ពពលីដើម្បីបុព្វហេតុជាតិមាតុភូមិ។ បន្ទាប់មក ពិធីសច្ចាប្រតិធាន តំណាងអត្តពលិក និងអាជ្ញាកណ្តាល-ចៅក្រមរបាយការណ៍សង្ខេបដោយឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងសុន្ទរកថាបើកជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ការរៀបចំប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយរៀបចំលើ១២ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ដោយសរុបមាន ១០០វិញ្ញាសា។
លោក ហួត សេងទ្រី បន្ថែមថា ចំពោះគោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ គឺសំដៅលើការប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលជាមហាជន គរុនិស្សិតដែលស្រឡាញ់វិស័យកីឡាឱ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី អាចនឹងក្លាយជាកីឡាករ កីឡាការិនីដែលមានកម្រិតខ្ពស់អាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត។
គួរបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៨៧៦នាក់មកពី ៤៣គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស។ ចំពោះពិធីបិទជាផ្លូវការគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ហេង ណាលីន





