រដ្ឋបាលក្រុងសំរោងបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយមាតិកាប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ និងតម្លៃស្ត្រីខ្មែរ
AKP ឧត្តរមានជ័យ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--នៅសាលប្រជុំសាលាក្រុងសំរោង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយមាតិកាប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ និងតម្លៃស្ត្រីខ្មែរ ដោយមានការចូលរួមពីលោកជំទាវ ស្លោម គឹមឡន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តឧត្តរមានជ័យ លោកស្រី អាត ស្រីមុំ ប្រធានក្រុមប្រឹក្សាក្រុងសំរោង និង លោកស្រី ហេង សុជាតិ អភិបាលរងក្រុង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជំទាវ ស្លោម គឹមឡន បានថ្លែងថា ការថែរក្សាការពារវប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ និងការលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ ព្រមទាំងតម្លៃស្ត្រីខ្មែរ គឺជាកាតព្វកិច្ចដ៏ចម្ងាយដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់មាតិកាអវិជ្ជមាននានាក្នុងសង្គមឌីជីថលបច្ចុប្បន្ន។ លោកជំទាវបានថ្លែងបន្តថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរកិច្ចការនារីខេត្ត ក្នុងគោលបំណងពង្រឹងការអនុវត្តសេចក្តីណែនាំរួម ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងឱ្យបានទូលំទូលាយនូវស្មារតីនៃសេចក្តីណែនាំរួមរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រាល់ការផលិត បង្ហោះ និងចែកចាយបន្តនូវមាតិកាវីដេអូ ឬរូបភាពអសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម។ សិក្ខាសាលានេះក៏បានផ្ដោតសំខាន់លើការបញ្ជ្របផ្សព្វផ្សាយដល់ក្រុមភ្លេងបុរាណ សម័យ ក្រុមអាជីវករសម្អាងការ អាជីវករអនឡាញ និងអ្នកផលិតមាតិកា ក៏ដូចអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ពីផលប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង និងជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរផងដែរ។

លោកជំទាវក៏បានបន្ថែមទៀតថា ការការពារកិត្តិយស និងតម្លៃស្ត្រីខ្មែរ លើកកម្ពស់ការលុបបំបាត់រូបភាពអវិជ្ជមានទាំងឡាយណាដែលដៅលើការបន្ទាបបន្ថោកកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃដ៏ថ្លៃថ្លារបស់ស្ត្រីខ្មែរ ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។ លោកជំទាវក៏បន្តថា ការបង្កើនយន្តការឃ្លាំមើលរបស់អាជ្ញាធរ ដោយជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានជុំវិញក្រុង បង្កើនការយកចិត្តទុកដាក់តាមដាន ណែនាំ និងមានវិធានការអប់រំចំពោះរាល់សកម្មភាពល្មើស ដើម្បីរក្សាបាននូវបរិយាកាសសង្គមប្រកបដោយសីលធម៌ល្អផូរផង់។

លោកស្រី ហេង សុជាតិ ក៏សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកផលិតមាតិកានៅលើបណ្តាញសង្គមទាំងអស់ (Content Creators) សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គុណធម៌វិជ្ជាជីវៈ និងចូលរួមចំណែកថែរក្សាការពារអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិយើងឱ្យបានគង់វង្ស៕

ដោយ ទិត ស្រ៊





