រដ្ឋបាលខេត្តបន្ទាយមានជ័យដាក់ឱ្យប្រើប្រាស់សេវា «ច្រកចេញចូលតែមួយអនឡាញ» ផ្តល់ភាពងាយស្រួល រហ័ស និងសន្សំសំចៃ
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃយុគសម័យឌីជីថល និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ។

ការសម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការអនុវត្តតាមស្មារតីនៃពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយលើការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានសម្រួលឱ្យការស្នើសុំសេវាលើ៩ វិស័យសំខាន់ៗអាចធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល រួមមាន៖ ១. ការងារនីត្យានុកូលកម្ម (បញ្ជាក់លើឯកសារថតចម្លង) ២. ការងាររដ្ឋបាល ៣. វិស័យទេសចរណ៍ ៤. វិស័យសាធារណការ និងដឹកជញ្ជូន ៥. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ៦. វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៧. វិស័យរ៉ែ និងថាមពល ៨. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ៩. វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះគឺមានកម្រៃសេវា ដូចគ្នាទៅនឹងការមកស្នើសុំដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយ ពោលគឺគ្មានការបង់ថ្លៃសេវាបន្ថែមណាមួយនោះទេ។ នេះគឺជាការផ្តល់ភាពងាយស្រួល និងធានាបាននូវតម្លាភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ ប្រជាពលរដ្ឋដែលមិនទាន់មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ក៏នៅតែអាចអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ក្នុងបរិវេណសាលាខេត្ត) បានដូចធម្មតា។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងប្រើប្រាស់សេវាអនឡាញ សូមចូលទៅកាន់គេហទំព័រ៖ http://online.owso.gov.kh/ឬស្កេន QR Code (ដែលមានផ្តល់ជូននៅតាមប៉ុស្តិ៍ផ្សព្វផ្សាយរបស់រដ្ឋបាលខេត្ត) ដើម្បីបង្កើតគណនីផ្ទាល់ខ្លួន និងធ្វើការស្នើសុំសេវាតាមជំហានណែនាំនៅក្នុងប្រព័ន្ធ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តដាក់ឱ្យអនុវត្តប្រព័ន្ធនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព រហ័ស និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល៕


ដោយ ឈុន សារ៉ាត





