ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបជាមួយឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីពិភាក្សាកិច្ចការបន្ត ក្រោយពីការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl លើបណ្ណបើកបរ មានជាអាទិ៍ការពង្រីកវិសាលភាពថ្នាលនេះលើឯកសារនានាក្នុងវិស័យអប់រំ និងឯកសារអត្រានុកូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស សន្តិសុខសាយប័រជាដើម។

ព្រមជាមួយគ្នានេះ តាមការរៀបចំរបស់ក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបពិភាក្សាការងារជាមួយលោកជំទាវ Dulce de Jesus Soares រដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនៃការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងវិស័យអប់រំនៅកម្ពុជា។

សូមបញ្ជាក់ថា ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា ក៏បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេដើម្បីរាយការណ៍អំពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធ ពាក់ព័ន្ធដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅកម្ពុជា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យឌីជីថល៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





