គណៈមេធាវីបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់ស្ដីពីវិជ្ជាជីវៈមេធាវីក្នុងសង្គមនៅខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងគណៈមេធាវីនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បានរៀបចំបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់ស្ដីពីវិជ្ជាជាជីវៈមេធាវីក្នុងសង្គម របស់សិស្សមេធាវីជំនាន់ទី២០ ដើម្បីឱ្យពួកគាត់ចែករំលែកចំណេះដឹងដល់កងកម្លាំងសមត្ថកិច្ច នគរបាលយុត្ដិធម៌ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដោយពិធីនេះធ្វើឡើងនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅខេត្ដសៀមរាប។

លោក សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា បានមានប្រសាសន៍ថា មុនពេលបញ្ចប់វគ្គសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវរៀបចំដឹកនាំសិស្សមេធាវីបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់ដល់សាធារណជន នៅតាមបណ្តារាជធានី/ខេត្តនានា ដើម្បីឱ្យសិស្សមេធាវីទាំងអស់ បានស្គាល់អំពីភូមិសាស្ត្រ បែបបទការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទំនៀមទម្លាប់ ប្រពៃណីនៃតំបន់នីមួយៗ និងបណ្តុះគំនិតដល់សិស្សមេធាវី ឱ្យចេះចែករំលែកចំណេះដឹងដល់សង្គម តាមរយៈ ផ្សព្វផ្សាយពីច្បាប់ ក៏ដូចជាវិជ្ជាជីវៈមេធាវីនៅក្នុងសង្គម ដើម្បីលើកកម្ពស់នីតិរដ្ឋ និងការចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ មុនពេលក្លាយជាមេធាវី។


លោកបន្ដថា កម្មវិធីបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់នេះ ជាទិសដៅការងារ១ ក្នុងចំណោមទិសដៅការងារចំនួន១២ នៃផែនការសកម្មភាពគោលនយោបាយដឹកនាំគណៈមេធាវី ពេលចូលកាន់ដំណែង ពោលគឺត្រង់ចំនុចទី១ គឺការចូលការរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ តាមរយៈការផ្តល់សេវាកម្មច្បាប់ដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេស ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។ ជាមួយគ្នានេះ គណៈមេធាវីនៃកម្ពុជា បានដាក់ចេញនូវផែនការសកម្ម ភាពជាច្រើន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយច្បាប់ផង ពង្រឹងសមត្ថភាពរបស់មេធាវីផង ក៏ដូចជាការចូលរួមបម្រើវិស័យយុត្តិធម៌ផង។
លោកបន្ដថា កាលពីក្នុងឆ្នាំ២០២៥ គណៈមេធាវីបានចូលរួមលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការផ្តល់មេធាវីជួយការពារក្តីជូនជនក្រីក្រ មិនយកកម្រៃបានចំនួន៨,៥៥៦ករណី មានកូនក្តីចំនួន១៤,៨២៥នាក់ និងអនីតិជនចំនួន៥៣,៩៣នាក់ និងបានធ្វើការពិគ្រោះយោបល់ផ្លូវច្បាប់មិនយកកម្រៃបានចំនួន៤៥៦ករណី។


លោក សុខ ថុល អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា វិជ្ជាជីវៈមេធាវី គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋ តាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ។ លោកបន្ដថា កន្លងមករាជរដ្ឋាភិបាលបានគាំទ្រគណៈមេធាវី តាមរយៈការផ្តល់កញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់ការពារក្តីជូនជនក្រីក្រ និងស្ត្រី/កុមារីរងគ្រោះ ព្រមទាំងបានតែងតាំងតំណាង គណៈមេធាវី ជាសមាជិក ក្នុងអាជ្ញាធរ និងគណៈកម្មការជាតិសំខាន់ៗជាច្រើនផងដែរ។
លោក ប៉ា ងួនគា នាយកមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី មានប្រសាសន៍ថា សិស្សមេធាវីគ្រប់ជំនាន់ត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីសម្រាប់រយៈពេល២ ឆ្នាំ សិក្សាទ្រឹស្តី១ឆ្នាំ និងធ្វើកម្មសិក្សា១ឆ្នាំ លើមុខវិជ្ជាចំនួន២១ មុខ ជាមួយសាស្ត្រាចារ្យផ្នែកច្បាប់ ដូចជា ចៅក្រម ព្រះរាជអាជ្ញា មេធាវី ជាដើម៕
ដោយ ឃុត សៅ





