ខេត្តកែបរំឭកគុណអតីតយុទ្ធជន ក្នុងឱកាសខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
AKP កែប ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ២០២៦ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំធំសេះ ស សាលាខេត្តកែប ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងរំឭកគុណ លើកកិត្តិយស និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។


ក្នុងឱកាសនោះ លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប បានអានរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប ដោយបានលើកឡើងអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រ និងដោះស្រាយជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន តាមរយៈការផ្តល់អំណោយ សម្ភារៈប្រើប្រាស់ និងការគាំពារសង្គមផ្សេងៗ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិ និងការកសាងសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតបានថ្លែងថា វីរភាព និងការលះបង់របស់អតីតយុទ្ធជន គឺជាគំរូដ៏ថ្លៃថ្លានៃស្មារតីស្នេហាជាតិ និងភាពអង់អាចក្លាហាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី ការស្តារ និងកសាងប្រទេសឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជន បន្តយកចិត្តទុកដាក់គាំទ្រ និងជួយដោះស្រាយជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងរក្សាបាននូវសេចក្តីថ្លៃថ្នូររបស់បងប្អូនដែលបានធ្វើពលិកម្មជូនជាតិមាតុភូមិ៕
ដោយ សេស សង់





