ក្រសួងប្រៃសណីយ៍ជូនដំណឹងស្តីពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរយានយន្ត និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាធារណជនទាំងអស់ថា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ បង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់ជាផ្លូវការលើការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។ ក្រសួងសូមបញ្ជាក់ជូនដល់សាធារណជនផងដែរ ចំពោះបណ្ណបើកបរយានយន្តដែលបានចេញមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមិនមាន ឬ មាន QR Code នៅតែអាចបន្តប្រើប្រាស់បានតាមការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយសម្រាប់បណ្ណបើកបរដែលមាន QR Code ទាំងអស់នឹងមានបង្ហាញទិន្នន័យទៅលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការស្គែន QR Code ដែលមាននៅលើបណ្ណបើកបរយានយន្ត។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ទាំងអស់ផងដែរថា ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំពោះការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល តាមរយៈ កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយការស្គែន QR Code របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅលើបណ្ណបើកបរយានយន្តដែលមានស្រាប់ ដើម្បីរក្សាទុកបណ្ណបើកបរទម្រង់ឌីជីថលសម្រាប់ការប្រើប្រាស់ជាផ្លូវការទៅតាមជំហាននីមួយៗដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ ឬចូលទស្សនាវីដេអូណែនាំអំពីជំហាននីមួយៗ តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ddl-um។
អ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់បណ្ណបើកបរក្នុងទម្រង់ឌីជីថល ដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា។
សូមជូនភ្ជាប់ជាមួយនូវ៖ ឧបសម្ព័ន្ធទម្រង់បណ្ណបើកបរយានយន្ត និងការប្រើប្រាស់បណ្ណបើកបរ ឧបសម្ព័ន្ធការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថលតាមរយៈកម្មវិធី DG SuperApp និងលេខទូរសព្ទ Hotline និងតេឡេក្រាមប៊ត (Telegram Bot) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងករណីសាធារណជនជួបប្រទះបញ្ហាប្រឈមណាមួយក្នុងការទាញយក និងការប្រើប្រាស់កម្មវិធី DG SuperApp សូមទាក់ទងមកកាន់ក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តាមរយៈ លេខទូរសព្ទ Hotline ១២៣ ឬតាមរយៈតេឡេក្រាមប៊ត (Telegram Bot) https://go.gov.kh/dgc/dgsupport។
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ នឹងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត៕



ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





