រដ្ឋបាលខេត្តកែបរៀបចំប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជូនដល់មន្ត្រីរាជការ ម្ចាស់ផ្ទះសំណាក់ ផ្ទះជួល
AKP កែប ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសាលប្រជុំសេះ ស សាលាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា សរុប៣៤០នាក់។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលនេះគឺដើម្បីបញ្ជ្របខ្លឹមសារនៃច្បាប់នេះដល់មន្ត្រីរាជការ និងអ្នកប្រកបរបរអាជីវកម្មផ្ទះជួល ផ្ទះសំណាក់អោយបានយល់ដឹងកាន់តែច្បាស់ពីគោលបំណងនៃច្បាប់ និងវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកែបបានលើកឡើងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់បទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើឧបាយកលទុច្ចរិតនានា ដើម្បីលួងលោម និងអូសទាញឱ្យប្រគល់នូវទ្រព្យ និងការដាក់ទុនវិនិយោគបានប្រាក់ចំណេញខ្ពស់ ការក្លែងជាការលក់ផលិតផល និងផ្តល់សេវាកម្មអនឡាញជាដើម។


គួររំលឹកដែរថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ កន្លងថ្មីៗនេះ ដើម្បីធានាបាននូវភាពជោគជ័យនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ទាមទាអោយមានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធ នឹងត្រូវឈ្វេងយល់បន្ថែមអំពីច្បាប់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលិខិតបទដ្ឋានគតិយុត្តិដែលមានការពាក់ព័ន្ធ រួមទាំងនីតិវិធីនានាដែលបានដាក់អោយអនុវត្តកន្លងមក៕

ដោយ AKP





