ក្រុមត្រួតពិនិត្យការធ្វើអាជីវកម្មធនធានធម្មជាតិអាជ្ញាធរទន្លេសាប ចុះសិក្សាបរិមាណផលចាប់ត្រី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីកម្មលើធនធានធម្មជាតិ នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស អាជ្ញាធរទន្លេសាបនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទស្ថិតក្នុងភូមិសាស្រ្តឃុំឆ្នុកទ្រូ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្រុមការងារចុះសិក្សាមានគោលបំណងសិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗ។ សិក្សាចរន្ត និងតម្លៃទីផ្សារតាមតំបន់នីមួយៗ និង សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។ ក្នុងការចុះសិក្សានេះ ក្រុមការងារបានធ្វើការចុះជួបជាមួយ ជួបជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ សម្ភាសន៍ជាមួយប្រជានេសាទ និងសម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី។

សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវៈចម្រុះគ្រប់ប្រភេទតំបន់ទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





