ឯកឧត្តម គួច ចំរើន៖ ដីធ្លីក្នុងស្រុកលើកដែកដែលគ្មានបណ្ណកម្មសិទ្ធិមិនមែនជាកម្មវត្ថុនៃការទិញលក់ ការដាក់បញ្ចាំ ការជួល ការសាងសង់ ឬចែកកូនចៅទៀតទេ
AKP កណ្ដាល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ដីធ្លីក្នុងស្រុកលើកដែក ដែលគ្មានប័ណ្ណកម្មសិទ្ធិ មិនមែនជាកម្មវត្ថុនៃការទិញលក់ ការដាក់បញ្ចាំ ការជួល ការសាងសង់ ឬចែកកូនចៅទៀតទេ ហើយជាដីមិនស្របច្បាប់ មិនស្របនីតិវិធី ដីមានទំនាស់ ឬជាដីរដ្ឋ ព្រោះអាជ្ញាធរបានធ្វើការចុះបញ្ជីដី។ ដូច្នេះបើបងប្អូនប្រជាពលរដ្ឋចង់ទិញលក់ ដាក់បញ្ចាំ ជួល សាងសង់ ឬចែកកូនចៅស្របច្បាប់ សូមអញ្ជើញរួសរាន់មកចុះបញ្ជីដីធ្លីដាច់ដោយដុំសិន។ បើមិនទាន់ចុះបញ្ជីបងប្អូនមានសិទ្ធិតែអាស្រ័យផលប៉ុណ្ណោះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាលបានបញ្ជាក់ដូច្នេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ១១ ២៤៣ បណ្ណ ស្ថិតនៅភូមិចំនួន ៨ រួមមាន ភូមិកំពង់ចំលង ភូមិព្រែកបាក់ ភូមិព្រែកតូច ភូមិស្ពានដែក ក្នុងឃុំព្រែកទន្លាប់ ភូមិក្បាលជ្រោយ ភូមិកោះចំរើន ក្នុងឃុំកំពង់ភ្នំ និងភូមិក្អមសំណលើ ភូមិរាំងដេក ក្នុងឃុំក្អមសំណ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាស្រុកលើកដែក ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមបានជំរុញដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវបន្តខិតខំចែកបណ្ណកម្មសិទ្ធិដីធ្លីដែលផលិតបានជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយអាជ្ញាធរមូលដ្ឋានដាច់ខាតកុំចុះហត្ថលេខាបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធនិងរឿងដីធ្លីជូនប្រជាពលរដ្ឋ ក្រៅពីបណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួច អាជ្ញាធរត្រូវទទួលស្គាល់តែបណ្ណកម្មសិទ្ធតែមួយគត់ ចៀសវាងបង្កភាពស្មុគស្មាញ និងបង្កើតបញ្ហាផ្សេងៗពាក់ព័ន្ធនិងរឿងដីធ្លីតទៅទៀត។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ស្រុកលើកដែកគឺជាស្រុកទី៨ហើយ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ របស់ខេត្តកណ្តាល ដែលបានបញ្ចប់ការងារចុះបញ្ជី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលក្ខណៈជាប្រព័ន្ធ។ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកបណ្ណកម្មសិទ្ធិដីធ្លីដែលបានផលិតរួចរាល់ពីមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត មកទុកដាក់នៅច្រកចេញចូលតែមួយរបស់ស្រុកឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលយកបានកម្មសិទ្ធិ មួយវិញទៀតត្រូវជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមកទទួលយកបណ្ណកម្មសិទ្ធិរបស់ពួកគាត់ឱ្យបានគ្រប់ៗគ្នា ទុកសម្រាប់ប្រើប្រាស់ស្របទៅតាមច្បាប់។បងប្អូនប្រជាពលរដ្ឋក្នុងស្រុកលើកដែក សូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ដោយឡែកចំពោះកងកម្លាំងសមត្ថកិច្ចត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍លើកំណាត់ផ្លូវសំខាន់ៗ ត្រូវដាក់កោណចរាចរណ៍នៅមុខសាលារៀននានា ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ត្រូវមានការគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់ភ្លើងផ្សេងៗមាន ទៀន ធូប ចង្ក្រានហ្គាស ប្រព័ន្ធអគ្គិសនីនៅតាមលំនៅឋាន ស្រែចម្ការ ឬក៏នៅកន្លែងផ្សេងៗ រាល់ពេលចេញពីផ្ទះត្រូវពិនិត្យបិទភ្លើង ពន្លត់ទៀនធូប ចង្ក្រានហ្គាស មើលឱ្យសព្វគ្រប់ ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ណាមួយដល់គ្រួសាររបស់ខ្លួន និងអ្នកជិតខាង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋស្រុកលើកដែក ដែលបានជួយគាំទ្រទាំងផ្នែកស្មារតី និងជួយជាស្បៀងអាហារ ដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ក្នុងអំឡុងពេលមានការឈ្លានពានពីយោធាថៃមកលើបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក។ ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ថ្វីត្បិតស្ថានភាពបច្ចុប្បន្នមានភាពស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី ដោយបានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តគាំទ្រទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងជួរមុខ និងក្រុមគ្រួសារកងទ័ព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងការចូលរួមសម្របសម្រួលពីអន្តរជាតិ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





