សាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--កាលពីរសៀលថ្ងៃចន្ទទី១១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក គាំ សុខុម នាយក សាខា និងអនុសាខាក្រុងព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ផ្ដល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ ក្នុងនោះ មួយគ្រួសារក្រីក្រទទួលមរណភាព ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមួយគ្រួសារទៀតរងគ្រោះធម្មជាតិ (រន្ទះបាញ់មានគ្នា៣នាក់) រងរបួសកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ចំការចេក ក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខ ទុក្ខអ្នករងរបួស និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សព្វ ពីសំណាក់ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះ សីហនុ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលបានតែងតែគិតគូយកចិត្តទុក្ខដាក់អំពីសុខទុក្ខគ្រួសារ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះនៅទូទាំងប្រទេស ។

ជាមួយគ្នានោះដែរលោក ជំទាវ ក៏បានចូលរួមរំលែក មរណទុក្ខចំពោះមរណៈភាពការបាត់បង់នូវសាច់ញ្ញាតិ និងក្រុមគ្រួសារនា ពេលនេះ ព្រមទាំងបានឧទ្ទិសបួងសួងចំពោះវិញ្ញាណក្ខន្ធសព សូមទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សម្ភារៈសាខាកាកបាទក្រហមផ្ដល់ជូនគ្រួសារ សព្វមាន អង្ករ ២៥គីឡូក្រាម មី ២កេស ទឹកត្រី ២យួរ ប៊ីចេង ២ កញ្ចក់ និងថវិកាចំនួន ១០មុឺនរៀល ។

ដោយឡែក ចំពោះគ្រួសាររងគ្រោះធម្មជាតិរន្ទះបាញ់ ទទួលបានផ្លែឈើមួយកន្ត្រក និងថវិកាម្នាក់ ២០មុឺនរៀល ក្នុងនោះអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤នាក់ផ្សេងទៀតក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥មុឺនរៀលផងដែរ៕
ដោយ៖ ងូ សុមុនី





