ព្រះអង្គ ង៉ែត សម្ផស្ស នាំយកស្បៀង អាហារ និងសម្ភារៈប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ឧបត្ថម្ភដល់វីរកងទ័ពជួរមុខទិសស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងសកម្ម កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ព្រះអង្គ ង៉ែត សម្ផស្ស ជំនួយការផ្ទាល់របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ជាម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បាននិមន្តនាំយកអំណោយសប្បុរសធម៌ជាស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគចម្រុះ ទៅប្រគល់ជូនវីរកងទ័ពជួរមុខ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយផ្ទាល់ព្រះអង្គ។

អំណោយដែលបានពាំនាំទៅប្រគល់ជូននាពេលនេះ គឺជាបច្ច័យ និងសម្ភារៈដែលបានមកពីការនិមន្តបិណ្ឌបាត និងការកៀរគរពីសប្បុរសជនទាំងក្នុង និងក្រៅស្រុក ដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមចំណែកសម្រាលទុក្ខលំបាករបស់កងទ័ព។ ក្នុងនោះរួមមានទឹកសុទ្ធចំ នួន ៥០០យួរ បន្លែ ផ្លែឈើចម្រុះ និងគ្រឿងទេស (ទឹកត្រី ទឹកស៊ីអ៊ីវ ប្រហុក ស្ករស ប៊ីចេង កាហ្វេ)ស្បៀងបម្រុ ង អង្ករ មី ត្រីងៀត និងត្រីឆ្អើសម្ភារៈប្រើប្រាស់ចាំបាច់សាប៊ូ និងធូបមូស។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកងទ័ព ព្រះអង្គ ង៉ែត សម្ផស្ស បានមានសង្ឃដីកាប្រកបដោយអត្ថន័យថា ការនាំយកអំណោយមកនាពេលនេះ ទោះបីមិនច្រើនសន្ធឹកសន្ធាប់ដែលបំពេញតាមតម្រូវការបានទាំងស្រុង ប៉ុន្តែវាគឺជាសក្ខីភាពនៃទឹកចិត្ត និងការដឹងគុណរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទ ចំពោះវីរភាពរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ឈរជើងនៅតាមព្រំដែន ដើម្បីសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាព លរដ្ឋនៅជួរក្រោយ។
តំណាងវីរកងទ័ពដែលឈរជើងនៅទិសស្រុកថ្មពួក បានសម្តែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះអង្គ ង៉ែត សម្ផស្ស និងសប្បុរសជនទាំងអស់។

លោកមេបញ្ជាការម្នាក់នៅទីនោះបានលើកឡើងថា ការចុះមកសួរសុខទុក្ខ និងនាំយកអំណោយដល់សមរភូមិមុខបែបនេះ គឺជាថាមពលផ្លូវចិត្តយ៉ាងខ្លាំងសម្រាប់ពួកយើង។ វាមិនត្រឹមតែជួយសម្រួលដល់ជីវភាពហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញថា កងទ័ព និងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ គឺស្ថិតនៅក្នុងមហាគ្រួសារខ្មែរតែមួយដែលមិនបោះបង់គ្នា។
សកម្មភាពនេះ បានបង្ហាញឱ្យឃើញនូវវប្បធម៌ចែករំលែកដ៏រឹងមាំនៅក្នុងសង្គមខ្មែរ និងជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេសការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាខឿនការពារជាតិដ៏សំខាន់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
ដោយ ៖ឈុនសារ៉ាត





