មូលនិធិ SDF បើកវគ្គបណ្តុះបណ្តាលជំនាញដល់សហគមន៍ទេសចរណ៍ សំបូរព្រៃគុក
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--មូលនិធិអភិវឌ្ឍន៍ជំនាញ SDF នៃក្រសួងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាល ជំរុញការអភិវឌ្ឍជំនាញទេសចរណ៍នៅ ខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ស្តង់ដាសេវាកម្មទេសចរណ៍កម្ពុជា ដល់សហគមន៍ទេសចរណ៍ សំបូរព្រៃគុក ។

វគ្គបណ្តុះបណ្តាលនេះ ផ្ដោតលើការអនុវត្តជាក់ស្ដែងលើជំនាញសំខាន់ៗចំនួន ២ សំខាន ទី១ ជំនាញគេហកិច្ច និង ទី២ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ។

SDF បានចូលរួមគាំទ្រថវិកាបដិភាគដើម្បីបង្កើនសមត្ថភាព (Upskilling) ដល់សិក្ខាកាមចំនួន ៥០ នាក់ ក្នុងនោះមានស្ត្រី ២៩ នាក់ ឱ្យក្លាយជាអ្នកជំនាញប្រកបដោយវិជ្ជាជីវៈខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារជាក់ស្តែង ។ ការវិនិយោគលើជំនាញ គឺជាការរួមចំណែក ប្រែក្លាយកម្ពុជា ក្លាយឱ្យទៅជាប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ ២០៥០ ។

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បន្តបេសកកម្មយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីក សមត្ថភាពយុវជន និងបុគ្គលិកក្នុងវិស័យទេសចរណ៍ តាមរយៈវគ្គបណ្ដុះបណ្ដាល ជំនាញបដិសណ្ឋារកិច្ច ដោយបានសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគណៈ កម្មការគ្រប់គ្រងគម្រោង (HoKa) នៅតំបន់ប្រវត្តិសាស្ត្រសំបូរព្រៃគុកក្នុង ខេត្តកំពង់ធំ ៕
ដោយ ៖ណយ នឿន ,ប្រភព៖SDF





