ប្រជាពលរដ្ឋនៅឃុំសំរោងនៅតែបន្តគោរព និងធ្វើពិធីបុណ្យឆ្លងចេត្រ នៅវត្តសំរោង នៅស្រុកសូទ្រនិគម ខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦–ជាធម្មតា ក្រោយពីចូលឆ្នាំប្រពៃណីខ្មែរហើយប្រមាណ១សប្តាហ៍ឬពីរសប្តាហ៍ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងតាមបណ្តាស្រុកមួយចំនួន នៅខេត្តសៀមរាបតែងមានបុណ្យម៉្យាងហៅថា «ឆ្លងចេត្រ»ទៅតាមទំនៀមទំម្លាប់របស់ពួកគាត់។ ពិធី«ឆ្លងចេត្រ» នៅទីនេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ពោលគឺខែដែលគេចាប់ផ្តើមដាស់ដីភ្ជួររាស់ជាដើម។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការ និងព្រះសង្ឃ វត្តសំរោង ស្ថិតនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ទៅតាមការគ្រោងទុក។ នៅក្នុងពិធីឆ្លងចេត្រនេះ បន្ទាប់ពីបានធ្វើកិច្ចពិធីទៅទំនៀមទំម្លាប់ និងជំនឿរបស់ពួកគាត់ និងពិធីបែបសាសនារួចមក ប្រជាពលរដ្ឋបានមកជួបគ្នាលេងល្បែងប្រជាប្រិយ៍ កម្សាន្តសប្បាយយ៉ាងច្រើនកុះករ ជាពិសេសការរាំលេងសប្បាយ មិនខុសពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះទេ។


ព្រះតេជគុណ ថង ចន្ថា ព្រះគ្រូចៅអធិការវត្តសំរោង បានមានថេរៈដីកាឱ្យដឹងថា ពិធីឆ្លងចេត្រនេះ សម្រាប់វត្តសំរោងតែងតែធ្វើឡើងជាបន្តបន្ទាប់តាំងពីបុរាណកាលមក។ ហើយសម្រាប់ឆ្នាំនេះ ឃើញថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើន បានមកចូលរួមក្នុងពិធីបុណ្យឆ្លងចេត្រនេះ ដោយក្រៅពីកម្មវិធីសាសនា និងជំនឿ ក៏មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ។ ជាមួយគ្នានេះ ក៏មានកម្មវិធីដង្ហែបង្អែមខ្មែរ៣៦មុខ ក្នុងគោលបំណងចង់អភិរក្ស និងផ្សព្វផ្សាយបង្អែមឱ្យគេបានស្គាល់ឱ្យកាន់តែទូលំទូលាយ ជាពិសេសសម្រាប់ភ្ញៀវទេសចរបរទេសបានស្គាល់ ពេលគេមកកម្សាន្តនៅ កម្ពុជា គេនិងបានភ្លុករស់ជាតិបង្អែមខ្មែរយើង។ ហើយបង្អែមទាំងនេះ ក៏បានដាក់ឱ្យបងប្អូនហូបដោយសេរីផងដែរ។


សូមបញ្ជាក់ថា យោងតាមការបង្ហាញរបស់ នរវិទូខ្មែរ លោក អាំង ជូលាន ដែលត្រូវបានគេដកស្រង់កន្លងមកបានបង្ហាញថា មានមនុស្សច្រើនណាស់ ពុំទាន់យល់ពីអត្ថន័យនៃពិធីបុណ្យឆ្លងចេត្រនេះ តែងឆ្ងល់ថា ឆ្លងយ៉ាងម៉េចទៀត បើទើបនឹងឆ្លងឆ្នាំហើយថ្មីៗ។ តាមពិតទៅ បើបានទៅមើលពិធីនេះនៅភូមិណាមួយតែម្តង ក៏នឹងយល់ថា ឆ្នាំ ចំពោះអ្នកស្រុកអាចថា មានពីរក៏សឹងថាបាន។ ឆ្នាំមួយនោះគឺឆ្នាំនៃប្រតិទិន ពោលគឺឆ្នាំដែលមានពេលចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីច្បាស់លាស់ដូចគ្នាជាទូទៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះ ដូចគ្នានឹងប្រទេសដទៃទៀតមួយចំនួន ផង។ រីឯឆ្នាំដែលទាក់ទងនឹងរឿងឆ្លងចេត្រនេះ បើនិយាយឱ្យចំជាងនេះ គឺ «វដ្តស្រូវ» ឬថា «រដូវ» ធ្វើស្រែក៏បាន។ ដូច្នេះហើយបានជាថ្ងៃដែលរើសយក មកធ្វើបុណ្យឆ្លងចេត្រនោះតែងតែខុសគ្នាបន្តិចបន្តួចពីភូមិមួយទៅភូមិមួយក្នុងតំបន់អង្គរជាមួយគ្នា ដ្បិតវេលាក្នុងរដូវមិនតម្រូវពេលណា ថ្ងៃណាដាច់ណាត់ ខុសមួយថ្ងៃក៏ពុំបាននោះឡើយ។ «ឆ្លងចេត្រ» នៅទីនេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ពោលគឺខែដែលគេចាប់ផ្តើមដាស់ដីភ្ជួររាស់ជាដើម។ បើគិតតាមប្រតិទិនឱ្យមែនទែននោះ មិនមែនមានន័យថា ធ្វើនៅដាច់ខែចេត្រ ចូលទៅថ្ងៃមួយកើតខែពិសាខនោះឡើយ ធ្វើខុសពីពេលនោះមួយអាទិត្យ ពីរអាទិត្យក៏បាន ដ្បិតន័យពិតប្រាកដ គឺចប់រដូវធ្វើស្រែមួយជាស្ថាពរហើយ ហើយចូលទៅរដូវធ្វើស្រែមួយថ្មីភ្លាម។




ដោយ៖ ឃុត សៅ





