ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បង្កើតបរិយាកាសស្និទ្ធស្នាលក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦---
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោ មប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការងារសមរម្យ» នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០ ២៦ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានប្រារព្ធរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាលរវាងគ្នាក្នុងសហភាពសហ ជីព សម្ព័ន្ធសហព័ន្ធសហជីព ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាសហ ជីពជាតិកម្ពុជានានា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ។
លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានមានប្រសាសន៍ជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគមន៍ ចំនួន១ ជាសមាជិកក្រុមប្រឹក្សាភិបាលសរុបមានចំនួន៨៥ស្ថាប័ន និងមានប្រធានសហព័ន្ធសហជីពជាស្រ្តីចំនួន៩នាក់, សហជីពមូលដ្ឋានមានចំនួន៧៩០មូលដ្ឋាន មានកម្មករនិយោជិតជាសមាជិកសរុបចំនួន ៣៣៥,៨៣៩ នាក់(ស្រ្តីចំនួន ២៥៧,៩៨៦នាក់) មកពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី រោងចក្រកែច្នៃផ្លែស្វាយ ចម្ការកៅស៊ូ អប់រំ សេវាកម្ម ភោជនីយដ្ឋាន និងវិស័យ ទេសចរណ៍ នៅទូទាំងទាំងរាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រម្ពុជា មានភាពជាតំណាងបំផុត(MRS) ចំនួន៤១ មានអនុសញ្ញារួម(CBA) ចំនួន១៦។

ក្នុងនាមក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) លោក បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា ជីវៈ ដែលជាសេនាធិការឲ្យរាជរដ្ឋា ភិបាល បានប្រែក្លាយទិវា ១ ឧសភា ដែលធ្លាប់តែបាតុកម្ម កូដកម្ម តវ៉ា មកជាទិវាជួបជុំ សប្បាយរីករាយ របស់បងប្អូនកម្មករនិយោជិតវិញម្ដង។ ការណ៍នេះ សុទ្ធសឹងតែកើតចេញពីភាពវ័យឆ្លាត និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំយ៉ាងពិតប្រាកដ។

ប្រធាន CCNU បានថ្លែងអំណរគុណចំពោះការគាំទ្រពីក្រសួងការងារ ព្រមទាំងប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញផលប្រយោជន៍កម្មករឲ្យកាន់តែរឹងមាំ។
ថ្លែងសំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក មុំ សៀក ជាប្រធាន បានធ្វើឲ្យសហជីព មានការរីកចម្រើនជាលំដាប់ មានសាមគ្គីភាពល្អ រួមគ្នាជាកម្លាំងតែមួយ និងបានរៀបចំកម្មវិធីសំខាន់ៗជាប្រចាំ ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ-និ យោជិតនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា សមិទ្ធផលរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺជាគំរូដ៏ល្អក្នុងការកសាងការសន្ទនាសង្គមប្រកបដោយស្មារតីទទួលខុសត្រូវរវាងកម្មករ និយោជក និងរាជរដ្ឋាភិបាល ដែលរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈ ឯកឧត្តម ងុយ រិទ្ធ មានប្រសាន៍ថា ក្រសួងតែងតែបានចាត់ទុកសហជីពជាដៃគូដ៏សំខាន់ ដោយជាប្រចាំក្រសួងតែងដោះស្រាយរាល់បញ្ហានានាដែលសហជីពជួបប្រទះបានយ៉ាងទាន់ពេលវេលា ក្នុងន័យការងារសិទ្ធិដល់បងប្អូនកម្មករ-និយោជិត និយោជក ដើម្បីឲ្យមាន «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាគោលដៅចម្បងរបស់រាជរដ្ឋា ភិបាល ក្នុងការប្រែក្លាយឲ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

ទន្ទឹមនឹងការរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ«រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឲ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឲ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





