កងទ័ពជើងគោកឥណ្ឌាបានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦–នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌាចំនួន ១២០នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ប្រយោជន៍លើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ដែលនឹងមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នា។
គួរបញ្ជាក់ផងដែរថា នេះគឺជាសមយុទ្ធលើកទី២ រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ កងទ័ពជើងគោក)





